(តូក្យូ)៖ បេក្ខជននាយករដ្ឋមន្រ្តីថ្មីនៃប្រទេសជប៉ុន នៅថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានចាប់ផ្តើមយុទ្ធនាការឃោសនាការបោះឆ្នោត ជាផ្លូវការរៀងៗខ្លួនដោយបានប្តេជ្ញាថា នឹងបង្កើនការបង្រួបបង្រួមប្រទេសជាតិ ដោយដោះស្រាយនូវបញ្ហាប្រឈមនានា ដូចជាបញ្ហាប្រាក់ចំណូលមិនស្មើភាពគ្នា, បញ្ហាបង្កឡើងដោយ COVID-19 និងបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP។

ប្រធានបទរួមមួយ នៅថ្ងៃសុក្រនេះ គឺការយកឈ្នះលើការបែកបាក់ប្រទេសជាតិ ជាពិសេសគឺបញ្ហាប្រាក់ចំណូលមិនស្មើភាពគ្នា ជាបញ្ហាដែលកាន់តែអាក្រក់ទៅៗ ក្រោមសម្ពាធនៃជំងឺឆ្លងរាតត្បាត COVID-19។

រដ្ឋមន្រ្ដីទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំងនៃប្រទេសជប៉ុន លោក តារ៉ូ កូណុ (Taro Kono) ដែលមានអាយុ ៥៨ឆ្នាំដែលត្រូវបានគេមើលឃើញថា បានឈានមុខគេ ក្នុងការស្ទង់មតិសាធារណៈមួយ ស្តីពីបុគ្គលដែលគួរបន្តវេនពីនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្កា យូស៉ីហ៉ីដេ (Yoshihide Suga) ដែលបានសម្រេចចិត្តលាលែងពីតំណែង បាននិយាយថា «យើងមិនគួរមានគំនិតកំណត់ទុកជាមុន អំពីទំហំនៃកញ្ចប់ថវិកាជំនួយណាមួយឡើយ។ អ្វីដែលសំខាន់ គឺត្រូវចំណាយថវិកាលើការវិនិយោគសម្រាប់អនាគត។ ក្នុងចំណោមប្រជាជន គឺត្រូវផ្ដល់ជំនួយដល់គ្រួសារដែលមានកូន»

សម្រាប់អតីតរដ្ឋមន្រ្តីការបរទេសជប៉ុន លោក ហ៊ូមីអុ គីស៊ីដា (Fumio Kishida) អាយុ ៦៤ឆ្នាំ ដែលត្រូវបានគេមើលឃើញថា បានឈានមុខគេលំដាប់ទី ៣ ក៏បានបន្ទរតាមលោក Taro Kono ផងដែរ ដោយសន្យាថា នឹងលុបបំបាត់បនិ្តចម្ដងៗនូវ បញ្ហាប្រាក់ចំណូលមិនស្មើភាពគ្នា តាមរយៈកំណែទម្រង់ថ្មីនៃមូលធននិយម ជាជំហរដែលលោកធ្លាប់បានបង្ហាញពីមុន។

ងាកមកកាន់ អតីតរដ្ឋមន្រ្តីមហាផ្ទៃជប៉ុន លោកស្រី សាណេ តាកៃឈី (Sanae Takaichi) អាយុ ៦០ឆ្នាំដែលត្រូវបានគេមើលឃើញថា បានឈានមុខគេលំដាប់ទី ៤ បាននិយាយថា លោកស្រីនឹងប្រកាន់យកគោលដៅរបស់លោក Shinzo Abe ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិនិយម។

គួរបញ្ជាក់ថា លោក Yoshihide Suga បានប្រកាសលាលែងពីតំណែង កាលពីថ្ងៃទី០៣ ខែកញ្ញា ក្រោយកាន់តំណែងបានត្រឹមរយៈពេលតែ ១ឆ្នាំ នៅចំពោះមុខការធ្លាក់ចុះប្រជាប្រិយភាព និងការមិនពេញចិត្ត ជុំវិញចំណាត់ការឆ្លើយតបរបស់លោក ប្រឆាំងនឹងវិបត្តិជំងឺ COVID-19។ ប្រការនេះតម្រូវឲ្យ គណបក្ស LDP ដែលកំពុងកាន់អំណាច រៀបចំការបោះឆ្នោតជ្រើសរើសប្រធានគណបក្សថ្មី នៅថ្ងៃទី២៩ ខែកញ្ញាខាងមុខនេះ។ អ្នកដែលឈ្នះ គឺនឹងក្លាយជានាយករដ្ឋមន្រ្តីថ្មី ដ្បិតគណបក្ស LDP មានសំឡេងភាគច្រើន នៅក្នុងរដ្ឋសភាជប៉ុនសម្រាប់។ ក្រោយការបោះឆ្នោតនោះ ជប៉ុននឹងរៀបចំការបោះឆ្នោតសកល នៅកំលុងខែវិច្ឆិកាខាងមុខនេះទៀត៕