(ប៉េកាំង)៖ ល្ងាចថ្ងៃទី ១៧ ខែកញ្ញា នៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃលើកទី ២១ ព្រមទាំងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។

លោក Xi Jinping បានថ្លែងថា គ្រប់ប្រទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ សុទ្ធតែស្ថិតនៅក្នុងដំណាក់កាលគន្លឹះនៃការអភិវឌ្ឍ ត្រូវពង្រីកឧត្តមភាពពិសេស ដែលមានព្រំដែនជាប់គ្នា និងមានផលប្រយោជន៍រួម ត្រូវប្រកាន់ខ្ជាប់ការបើកទូលាយ និងបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីរួមគ្នាសម្រេចបំណងប្រាថ្នាដ៏ល្អបវរ នៃការស្តារឡើងវិញ និងការវិវឌ្ឍរីកចម្រើន។

លោក Xi Jinping បានគូសបញ្ជាក់ថា គិតត្រឹមពេលនេះ ភាគីចិនបានផ្តល់វ៉ាក់សាំងការពារកូវីដ១៩ និងវត្ថុធាតុដើមនៃវ៉ាក់សាំងចំនួនប្រហែល ១,២០០លានដូស ជូនប្រទេស និងអង្គការអន្តរជាតិចំនួនជាង ២០០ ដែលស្ថិតនៅលំដាប់ទីមួយលើពិភពលោក ហើយចិននឹងខិតខំសមេ្រចគោលដៅផលិត និងផ្តល់វ៉ាក់សាំងចំនួនសរុប ២,០០០លានដូសជូនពិភពលោកពេញមួយឆ្នាំនេះ ដើម្បីរួមចំណែកកាន់តែច្រើន ក្នុងការធ្វើកិច្ចសហប្រតិបត្តិការប្រយុទ្ធជំងឺឆ្លង ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ពោលគឺរួមចំណែកតាមលទ្ធភាពរបស់ខ្លួន ដើម្បីជួយមនុស្សជាតិឱ្យយកឈ្នះទាំងស្រុង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕