(វ៉ាស៊ីនតោន)៖ លោកស្រី ចេន ផ្សាគី (Jen Psaki) មន្ត្រីជាន់ខ្ពស់ទទួលបន្ទុក ការឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមានបានឲ្យដឹងថា ការក្អកញឹកញាប់របស់លោកប្រធានាធិបតី ចូ បៃដិន អំលុងការធ្វើកិច្ចអត្ថាធិប្បាយនោះ គឺមែនមែនជាអ្វីដែលត្រូវឲ្យគ្រប់គ្នា ព្រួយបារម្ភនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នារសៀលថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងសន្និសីទសារព័ត៌មាន ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) លោកស្រី Jen Psaki បានលើកឡើងថា «ខ្ញុំមិនគិតថា វាជារឿងដែលត្រូវព្រួយបារម្ភនោះឡើយ។ នេះក៏ជាកត្តាដែលបង្ហាញថា យើងត្រូវការសម្អាតបំពង់ក ឬក៏អាចមានជំងឺផ្កាសាយបន្តិចបន្តួចក៏ថាបាន»។ មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានបង្ហើបផងដែរថា លោក ចូ បៃដិន តែងតែធ្វើការត្រួតពិនិត្យសុខភាពយ៉ាងទៀងទាត់ ជាមួយវេជ្ជបណ្ឌិតផ្ទាល់ខ្លួនលោក។

គួរបញ្ជាក់ថា នៅពេលត្រូវបានសាកសួរថា តើប្រធានាធិបតីអាមេរិកវ័យ ៧៨ឆ្នាំរូបនេះ នឹងត្រូវទៅពិនិត្យសុខភាពម្តងទៀតនៅពេលណាឲ្យប្រាកដនោះ លោកស្រី Jen Psaki បានអះអាងថា មិនទាន់ទទួលបានព័ត៌មានលម្អិតនោះឡើយ។

លោក ចូ បៃដិន ត្រូវបានគេមើលឃើញថា បានបង្ហាញអការៈក្អកជាបន្តបន្ទាប់ នៅពេលធ្វើកិច្ចអត្ថាធិប្បាយមួយ ជាមួយអភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក ហ្គាវីន ញូសុម (Gavin Newsom) កាលពីថ្ងៃចន្ទ។ លោក បៃដិន ក៏បានសុំអភ័យទោសផងដែរ ចំពោះការក្អកញយដងនោះ និងបានសុំទឹក ដើម្បីសម្រួលបំពង់កលោកភ្លាមៗ៕