(ណៃពិដោ)៖ អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោង សាន ស៊ូ ជី នឹងត្រូវតុលាការជំនុំជម្រះក្តី ពីបទចោទប្រកាន់ពាក់ព័ន្ធអំពើពុករលួយថែមទៀត ដែលអាចធ្វើឲ្យលោកស្រី ត្រូវជាប់ពន្ធនាគារសរុបរាប់សិបឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១។

លោកស្រី ស៊ូ ជី បានបន្តស្ថិតក្រោមការឃុំខ្លួននៅក្នុងផ្ទះ ចាប់តាំងពីរូបលោកស្រី និងរដ្ឋាភិបាលរបស់លោកស្រី ត្រូវបានយោធាមីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១។ បច្ចុប្បន្ន ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពវ័យ ៧៦ឆ្នាំរូបនេះ កំពុងស្ថិតក្រោមការជំនុំជម្រះក្តីស្រាប់ ជុំវិញករណីបំពានបម្រាម COVID-19, ករណីល្មើសច្បាប់នាំចូល និងករណីបង្កភាពចលនាចលសង្គម។

មេធាវីលោកស្រីនៅថ្ងៃសុក្រនេះបានឲ្យដឹងថា ការជំនុំជម្រះក្តីថ្មីពីបទពុករលួយ សម្រាប់លោកស្រី ស៊ូ ជី នឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។ លោកស្រី ស៊ូ ជី ប្រឈមបទចោទប្រកាន់ពុករលួយចំនួន ៤ ដោយបទចោទប្រកាន់មួយៗ អាចឲ្យគេមើលឃើញថា លោកស្រីនឹងជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ។

គួរបញ្ជាក់ថា ការជំនុំជម្រះក្តីដែលកំពុងប្រព្រឹត្តទៅស្រាប់ គឺត្រូវបានពន្យារពេលអស់ ២ខែ ខណៈមីយ៉ាន់ម៉ាទទួលរងការរាតត្បាតខ្លាំង ដោយសារជំងឺ COVID-19 ហើយទើបតែបន្តឡើងវិញក្នុងសប្តាហ៍នេះប៉ុណ្ណោះ ហើយលោកស្រី ស៊ូ ជី បានអវត្តមាននៅថ្ងៃដំបូង ដោយសារបញ្ហាសុខភាព៕