(ប៉េកាំង)៖ ថ្ងៃទី១៥ ខែកញ្ញា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បានបញ្ចប់ដំណើរទស្សនកិច្ច នៅប្រទេសជិតខាងចំនួនបួន ក្នុងនោះដំណើរទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍ទាំងបី គឺប្រទេសវៀតណាម កម្ពុជា និងសិង្ហបុរីទទួលបានការចាប់អារម្មណ៍ពិសេស ពីមជ្ឈដ្ឋានខាងក្រៅ។

ឆ្នាំនេះ ជាខួបទី ៣០ នៃការបង្កើតទំនាក់ទំនងសន្ទនារវាងចិន និងអាស៊ាន។ ដូចនេះ ឆ្នាំនេះជាឆ្នាំពិសេសមួយ ដែលបូកសរុបសមិទ្ធផលកន្លងទៅ និងត្រួសត្រាយអនាគត។ ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Wang Yi បាននាំមកនូវគោលបំណងដ៏ស្មោះត្រង់ របស់ប្រទេសដែលរំពឹងថា នឹងចាប់ដៃគ្នាជាមួយប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងធ្វើឱ្យកិច្ចសហប្រតិបតិ្តការជាក់ស្តែង មានភាពកាន់តែស៊ីជម្រៅ។

តាមពិតទៅ តាំងពីបានផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩មក ជានិច្ចកាល ប្រទេសចិន និងប្រទេសអាស៊ីអាគ្នេយ៍ បានផ្តល់ការគាំទ្រគ្នាទៅវិញតៅមក ក្នុងន័យរួមសុខរួមទុក្ខជាមួយគ្នា និងរួមគ្នាជម្នះឧបសគ្គ។ អ្នកផងទាំងពួងបានឃើញថា ពិតមែនតែក្នុងបរិបទ ដែលបានរងការវាយប្រហារពីជំងឺកូវី១៩ ភាពមិនប្រាកដប្រជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសកល បានកើនឡើងយ៉ាងលេចធ្លោក៏ដោយ ក៏ប៉ុន្តែកិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ចរវាងចិន និងប្រទេសអាស៊ាន នៅតែរក្សាកម្លាំងរស់រវើកយ៉ាងខ្លាំងក្លាដដែល។

ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រទេសចិន និងប្រទេសអាស៊ាន បានគ្រោងផែនការធ្វើកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចយ៉ាងសកម្ម ក្នុងន័យបន្តជំរុញឱ្យគំនិតផ្តួចផ្តើមស្តីពី «ខ្សែក្រវាត់និងផ្លូវ» តភ្ជាប់ជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍ នៃប្រទេសពាក់ព័ន្ធ ព្រមទាំងបានឈានដល់គំនិតឯកភាពរួម អំពីការរួមគ្នាជំរុញឱ្យ «កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» មានសុពលភាពក្នុងពេលឆាប់ៗ។ វិធានការទាំងនេះ វាមានអំណោយផលដល់ការរួមគ្នា ពង្រីកផលប្រយោជន៍រួម និងរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោកទាំងមូល។

ចំណែកឯបញ្ហាសមុទ្រចិនខាងត្បូង ដែលមជ្ឈដ្ឋានខាងក្រៅយកចិត្តទុកដាក់ខ្ពស់វិញ ប្រទេសចិនបានបង្ហាញយ៉ាងច្បាស់ថា រីករាយរួមសហការជាមួយប្រទេសអាស៊ាន ដើម្បីពន្លឿនកិច្ចពិគ្រោះពិភាក្សាគ្នាអំពី «ក្រមប្រតិបតិ្តសមុទ្រចិនខាងត្បូង» ហើយសង្ឃឹមថា ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានផ្លាស់វេន នៃសមាគមន៍អាស៊ាននៅឆ្នាំក្រោយ អាចសម្រេចបាននូវកិច្ចពិគ្រោះពិភាក្សាស្តីពី «ក្រមប្រតិបតិ្តសមុទ្រខាងត្បូង» ជាមួយប្រទេសអាស៊ាន។

ទាក់ទិននឹងរឿងនេះ ប្រទេសពាក់ព័ន្ធបានឆ្លើយតបយ៉ាងសកម្ម។ ប្រការនេះបានបង្ហាញឱ្យឃើញថា ចិន និងប្រទេសអាស៊ានមានគោលបំណង និងសមត្ថភាពធ្វើកិច្ចការរបស់ខ្លួនឱ្យបានល្អ។ តាមពិតទៅ ប្រឈមនឹងការដែលប្រទេសក្រៅតំបន់មួយចំនួនតូច បង្ករឿងដោយយកបញ្ហាសមុទ្រចិនខាងត្បូងធ្វើជាលេស ប្រទេសអាស៊ានបានយល់ឃើញជាទូទៅថា ការដោះស្រាយទំនាក់ទំនងជាមួយប្រទេសធំៗ ដោយត្រឹមត្រូវ និងចៀសវាងពីការដើរតួជាកូនអុករបស់កម្លាំងខាងក្រៅ ទើបជាជម្រើសយុទ្ធសាស្ត្រ ប្រកបដោយវិចារណញ្ញាណ និងភាពជាក់ស្តែង ហើយក៏ជាជម្រើសដែលសមស្រប នឹងផលប្រយោជន៍ក្នុងតំបន់ផងដែរ។

ក្នុងនាមជាអ្នកជិតខាងដែលមិនរើផ្ទះ ប្រទេសចិន និងប្រទេសអាស៊ីអាគ្នេយ៍បានបង្កើតជា សហគមន៍រួមវាសនាតែមួយ ដែលមានផលប្រយោជន៍រួមរួចហើយ។ ដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក ស្វែងរកចំណុចឯកភាពគ្នា និងរក្សាទុកគំនិតមិនស្របគ្នា ភាគីទាំងពីរមានតម្រិះប្រាជ្ញាគ្រប់គ្រាន់ អាចដោះស្រាយការខ្វែងគំនិតដោយសមរម្យ និងធ្វើឱ្យកិច្ចសហប្រតិបតិ្តការ មានភាពកាន់តែស៊ីជម្រៅ។ អាចប៉ាន់ប្រមាណថា កិច្ចសហប្រតិបតិ្តការជាក់ស្តែងរវាងចិន និងអាស៊ាន ដែលមានភាពធន់យ៉ាងខ្លាំងក្លា នឹងបំពេញបន្ថែមកម្លាំងចលករកាន់តែច្រើន ដល់ការអភិវឌ្ឍតំបន់ និងពិភពលោក ក៏ដូចជានឹងធ្វើឱ្យការប៉ុនប៉ងបង្ករឿងរបស់កម្លាំងខាងក្រៅ ទទួលបរាជ័យទាំងស្រុងផងដែរ៕ (#CCFRComment#)