(ឈីកាហ្គោ)៖ សាលារៀនរបស់រដ្ឋស្ថិតនៅក្នុងទីក្រុងឈីកាហ្គោ (CPS) ដែលដ៏ធំជាងគេលំដាប់ទី ៣ នៅសហរដ្ឋអាមេរិក បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ចំនួន ២៤៥ករណី ក្នុងរយៈពេល ០២សប្តាហ៍ដំបូងនៃការចាប់ផ្ដើមថ្នាក់រៀន ខណៈអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លង មានរហូតដល់ទៅជាង ៥,៤០០នាក់ឯណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១។

បើតាមកាសែតប្រចាំថ្ងៃ ឈីកាហ្គោ (The Chicago Tribune) ដែលដកស្រង់ទិន្នន័យពី CPS ក្នុងចំណោមករណីឆ្លង ២៤៥ករណីខាងលើ គឺត្រូវបានរាយការណ៍ចាប់ពីថ្ងៃទី២៩ ខែសីហា រហូតដល់ថ្ងៃទី១១ ខែកញ្ញា ហើយក្នុងនោះមាន ១៥៥ករណីត្រូវបានរកឃើញលើសិស្សសាលា និង ៩០ករណីទៀតត្រូវបានរកឃើញលើមនុស្សពេញវ័យ។

សាលារៀនបានខកខានពេលវេលាកំណត់របស់ខ្លួន ម្តងហើយម្តងទៀត ក្នុងការផ្តល់ការធ្វើតេស្តរកជំងឺ COVID-19 ដោយឥតគិតថ្លៃដល់សិស្សសាលាចំនួន ៩,៤០០នាក់ និងបុគ្គលិកសាលាចំនួន ៦,២០០នាក់ ដែលបានចុះឈ្មោះសម្រាប់កម្មវិធីធ្វើតេស្តប្រចាំសប្តាហ៍។ ដំបូងឡើយ ពួកគេមានគម្រោងបង្កើតការធ្វើតេស្ត នៅទូទាំងសាលារៀនត្រឹមថ្ងៃទី០១ ខែកញ្ញា ប៉ុន្តែបន្ទាប់មកទៀត វាត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី១៥ ខែកញ្ញា។

មិនទាន់មានព័ត៌មានច្បាស់លាស់នៅឡើយទេថា តើមនុស្សប៉ុន្មាននាក់ ដែលត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ចាប់តាំងពីការចាប់ផ្តើមថ្នាក់រៀន ព្រោះអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ក៏ដូចជាករណីដែលគ្មានរោគសញ្ញា មិនត្រូវបានណែនាំឱ្យដាក់ឱ្យនៅដាច់ដោយឡែក សម្រាប់រយៈពេល ១៤ថ្ងៃនោះទេ។ ក្រៅពីនេះកុមារអាយុក្រោម ១២ឆ្នាំ ក៏មិនទាន់មានសិទ្ធិទទួលបាន ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែរ។

ជុំវិញបញ្ហានៅចំពោះមុខនេះ ឪពុកម្តាយមួយចំនួនកំពុងជំរុញឱ្យ CPS អនុញ្ញាតឱ្យសិស្សសាលាទាំងអស់ ចូលរួមក្នុងការរៀនសូត្រពីចម្ងាយវិញ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺ COVID-19 ដ៏កាចសាហាវនេះ៕