(ប៉េកាំង)៖ ទិន្នន័យផ្លូវការពីអាជ្ញាធរសុខាភិបាលចិន នាថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញថា មនុស្សលើស ១ពាន់លាននាក់ហើយ នៅក្នុងប្រទេសចិន បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស ប្រឆាំងនឹងជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១។

តួលេខខាងលើគឺស្មើនឹងជាង ៧០ភាគរយនៃចំនួនប្រជាជនចិនសរុបជិត ១.៤ពាន់លាននាក់។ យោងតាមលោក Mi Feng អ្នកនាំពាក្យក្រសួងសុខាភិបាលចិន ទិន្នន័យនោះ គឺគិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ហើយវ៉ាក់សាំងសរុបចំនួន ២.១៦ពាន់លានដូស ត្រូវបានចាក់។ ការសម្រេចបាននេះ កើតមានឡើង នៅរយៈពេលជិត១០ខែ បន្ទាប់ពីចិនបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 ជាលើកដំបូង នៅក្នុងប្រទេសខ្លួន។

គួរបញ្ជាក់ថា ភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងនេះ ជួយប្រទេសចិននាំមុខគេ ក្នុងចំណោមបណ្តាមហាអំណាចសេដ្ឋកិច្ចពិភពលោក។ សម្រាប់សហរដ្ឋអាមេរិកនិងជប៉ុន គឺប្រជាជនទើបជាងពាក់កណ្តាលប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងពេញលេញ ខណៈអត្រាចាក់វ៉ាក់សាំង នៅចក្រភពអង់គ្លេសនិងអាល្លឺម៉ង់ គឺលើស៦០ភាគរយ។ ចំណែកឥណ្ឌាវិញ ទើបសម្រេចបានមិនដល់ ១៥ភាគរយឡើយ៕