(វៀងចន្ទន៍)៖ រដ្ឋាភិបាលឡាវ នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសអូសបន្លាយវិធានការបិទខ្ទប់នៅទូទាំងប្រទេសរបស់ខ្លួន រយៈពេល ១៥ថ្ងៃបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១។

អនុប្រធានការិយាល័យនាយករដ្ឋមន្រ្តីឡាវ លោក Thipphakone Chanthavongsa បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា វិធានការបិទខ្ទប់នេះ នឹងត្រូវពន្យាររហូតដល់ថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះ ខណៈករណីឆ្លងជំងឺ COVID-19 នៅតែបន្តកើនឡើងយ៉ាងគំហុក។

លោក Thipphakone Chanthavongsa បានគូសបញ្ចាក់ប្រាប់បន្ថែមថា ករណីឆ្លងជំងឺ COVID-19 កំពុងកើនឡើងយ៉ាងគំហុក នៅរដ្ឋធានីវៀងចន្ទន៍ (Vientiane) និងខេត្តដទៃទៀត ដែលបង្កឱ្យមានការភ័យខ្លាចថា វាអាចបណ្តាលឱ្យមានការផ្ទុះឡើងនូវ ការឆ្លងរីករាលដាលក្នុងសហគមន៍ដ៏ធំមួយ ដោយសារករណីឆ្លងភាគច្រើនពាក់ព័ន្ធនឹងវីរុសបំប្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលឡាវ នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៥៤ករណីបន្ថែមទៀត ក្នុងនោះមាន ១៣១ករណី ជាករណីឆ្លងក្នុងសហគមន៍ ខណៈ ២៣ករណីទៀត ជាករណីនាំចូល ដែលនាំឱ្យករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសកើនឡើងដល់ ១៨,០៥៩ករណី ក្នុងនោះមានអ្នកស្លាប់ ១៦នាក់ និងអ្នកជាសះស្បើយ ១៣,៩៣៥នាក់៕