(អាំស្ទែរដាំ)៖ ចៅក្រមនៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅថ្ងៃពុធសប្ដាហ៍នេះ បានអនុម័តហើយលើការស៊ើបអង្កេតជាផ្លូវការមួយ ជុំវិញការចោទប្រកាន់ពី បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលប្រព្រឹត្តឡើងនៅក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀន ដោយប្រធានាធិបតីហ្វលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន តុលាការ ICC បានឱ្យដឹងទៀតថា ក្រុមចៅក្រមបានអនុម័តលើការស្នើសុំមួយ ពីសំណាក់រដ្ឋអាជ្ញា ICC ផ្ទាល់ ឱ្យមានការស៊ើបអង្កេតរកការពិតថា តើការសម្លាប់មនុស្សនៅក្រៅប្រព័ន្ធតុលការ ក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក ឌូតឺតេ គឺជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែរឬមួយក៏យ៉ាងណា។ បើតាមការវាយតម្លៃរបស់ក្រុមរដ្ឋអាជ្ញា ICC សង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ មិនមានលក្ខណៈជាការអនុវត្តត្រឹមត្រូវ តាមផ្លូវច្បាប់នោះទេ តែជាអាចការវាយប្រហារជាលក្ខណៈប្រព័ន្ធ ប្រឆាំងនឹងជនស៊ីវិល។

គួរបញ្ជាក់ថា លោក ឌូតឺតេ កាលពីខែកក្កដាកន្លងទៅនេះ បានរិះគន់លើតុលាការ ICC ហើយថាលោកនឹងនៅតែបន្តធ្វើសង្រ្គាម ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីប្រជាជនហ្វីលីពីនជំនាន់ក្រោយ។ ទោះជាយ៉ាងណា ការស្ទង់មតិនៅក្នុងប្រទេសហ្វីលីពីន ដែលត្រូវបានធ្វើឡើងជាបន្តបន្ទាប់ គិតចាប់តាំងពីសង្គ្រាមគ្រឿងញៀនបានធ្វើឡើងនោះ ប្រជាជនហ្វីលីពីនភាគច្រើន នៅតែគាំទ្រការដឹកនាំរបស់លោក ឌូតឺតេ ដដែល៕