(តូក្យូ)៖ ទីប្រឹក្សាជាន់ខ្ពស់ខាងជំងឺ COVID-19 របស់ប្រទេសជប៉ុន លោក Shigeru Omi នៅថ្ងៃពុធនេះ បានព្រមានប្រឆាំងនឹងការបន្ធូរបន្ថយវិធានការរឹតត្បឹតទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវមួយ ឆាប់រហ័សពេក ដោយនិយាយថា វិធានការរឹតត្បឹតគួរតែត្រូវបានបន្ធូរបន្ថយ លុះត្រាតែការប្រកាសភាពអាសន្ន ត្រូវបាន ដកចេញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១។

នៅឯគណៈកម្មាធិការសុខភាពរបស់សភាតំណាងរាស្ត្រជប៉ុន លោក Shigeru Omi បានសង្កត់ធ្ងន់ថា វិធានការរឹតត្បឹតគួរតែត្រូវបានបន្ធូរបន្ធយបន្តិចម្ដងៗ បន្ទាប់ពី ស្ថានភាពគ្រាអាសន្នត្រូវបានផុតកំណត់ ហើយចំនួននៃករណីឆ្លងបានធ្លាក់ចុះដល់កម្រិតជាក់លាក់មួយ បើពុំដូច្នោះទេ ករណីឆ្លងពិតជានឹងកើនឡើងវិញនៅពេល វិធានការរឹតត្បិតត្រូវបានបន្ធូរបន្ថយភ្លាមៗ។

ការអត្ថាធិប្បាយរបស់លោក Shigeru Omi បានកើតឡើងនៅពេលដែលរដ្ឋាភិបាលជប៉ុន ព្យាយាមបន្ធូរបន្ថយវិធានការរឹតត្បឹត នៅក្នុងអំឡុងខែវិច្ឆិកាខាងមុខនេះ ជាមួយគោលដៅសម្រេចបាននូវការចាក់វ៉ាក់សាំងសម្រាប់អ្នកដែលចង់ទទួលបានការចាក់វ៉ាក់សាំងនៅពេលនោះ។

ផែនការបន្ធូរបន្ថយរបស់រដ្ឋាភិបាលជប៉ុន រួមមានការអនុញ្ញាតឱ្យភោជនីយដ្ឋានផ្ដល់សេវាកម្មគ្រឿងស្រវឹងឡើងវិញ, ការអនុញ្ញាតឱ្យប្រជាជនធ្វើដំណើរឆ្លងកាត់ ព្រំដែនខេត្ត និងការអនុញ្ញាតឱ្យរៀបចំព្រឹត្តិការណ៍ធំៗដែលមានអ្នកចូលរួមច្រើន ទោះបីជាស្ថានភាពគ្រាអាសន្ននៅតែមិនទាន់ផុតកំណត់ក៏ដោយ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសជប៉ុន បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១,៦៥០,៣១៨ករណី ក្នុងនោះមានអ្នកស្លាប់ ១៦,៨៩៤នាក់ និងអ្នកជាសះស្បើយ ១,៥២៦,០០៨នាក់៕