(អឺរ៉ុប)៖ ប្រធានប្រតិបត្តិរបស់សហភាពអឺរ៉ុប (EU) លោកស្រី Ursula von der Leyen នៅថ្ងៃពុធនេះ បានថ្លែងថា សន្ទុះនៃការចាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 គួរតែត្រូវបង្កើនល្បឿននៅទូទាំងពិភពលោក ដើម្បីបញ្ចៀសការឆ្លងរីករាលដាលធ្ងន់ ក្នុងចំណោមអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១។

លោកស្រី von der Leyen បាននិយាយប្រាប់ក្រុមសមាជិកសភារបស់ EU នៅក្នុងទីក្រុង Strasbourg នៃប្រទេសបារាំង យ៉ាងដូច្នេះថា «ចូររួមគ្នាធានាឲ្យបានថា វាមិនក្លាយទៅជាការឆ្លងរាតត្បាតធ្ងន់ធ្ងរ ក្នុងចំណោមអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង»។ គិតត្រឹមចុងខែសីហា កន្លងទៅនេះ ៧០ភាគរយនៃមនុស្សពេញវ័យនៅក្នុងសហភាពអឺរ៉ុប ទទួលបានការចាក់វ៉ាក់សាំងពេញលេញពិតមែន ប៉ុន្តែក្នុងចំណោមប្រទេសជាសមាជិកទាំង២៧ ល្បឿននៃការចាក់វ៉ាក់សាំង មានកម្រិតខុសគ្នាខ្លាំង។

គួរបញ្ជាក់ថា ជាមួយគ្នានេះ លោកស្រីប្រធានប្រតិបត្តិ EU ក៏បានប្រកាសពីការបរិច្ចាគវ៉ាក់សាំង COVID-19 ចំនួន២០០លានដូសបន្ថែមទៀត ដើម្បីជួយដល់ក្រុមប្រទេសមានចំណូលទាបផងដែរ នៅត្រឹមពាក់កណ្តាលឆ្នាំ២០២២ ពីលើការបរិច្ចាគ២៥០លានដូស សម្រាប់នៅត្រឹមដំណាច់ឆ្នាំនេះ ៕