(វ៉ាស៉ីនតោន)៖ គិលានុបដ្ឋាយិកាម្នាក់នៅរដ្ឋ Florida នៃសហរដ្ឋអាមេរិក បានឆ្លើយសារភាពទោស ចំពោះការគំរាមធ្វើឃាតអនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១។

ក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានឲ្យដឹងថា លោកស្រី នីវៀន ផេទីត ហ្វេប (Niviane Petit Phelps) មានអាយុ៣៩ឆ្នាំ និងរស់នៅក្នុងទីក្រុងម៉ៃអាមី (Miami) កាលពីថ្ងៃសុក្រសប្តាហ៍មុន បានឆ្លើយសារភាពទោស ក្នុងតុលាការនៃរដ្ឋ Florida ចំពោះបទចោទប្រកាន់ចំនួន៦ករណី រួមមានទាំងបទគំរាមធ្វើឃាតលោកស្រីអនុប្រធានាធិបតី Harris ផងដែរ។

គួរបញ្ជាក់ថា ក្នុងឃ្លីបវីដេអូមួយចំនួន កាលពីខែកុម្ភៈ ឆ្នាំនេះ លោកស្រី Phelps បានអះអាងថា ខ្លួនបានទទួលលុយចំនួន៥៣,០០០ដុល្លារ ដើម្បីធ្វើឃាតលោកស្រី Harris ក្នុងរយៈពេល៥០ថ្ងៃ។ លោកស្រី Phelps ដែលកំពុងប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ នឹងត្រូវតុលាការផ្តន្ទាទោស នៅថ្ងៃទី១៩ ខែវិច្ឆិកា ខាងមុខ៕