(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បាននិយាយថាកូរ៉េខាងជើងទំនងជាបានបាញ់សាកល្បងមីស៊ីល២គ្រាប់ធ្លាក់ចូលក្នុងតំបន់សមុទ្រជប៉ុន តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីទីក្រុងព្យុងយ៉ាង ធ្វើតេស្ដមីស៊ីលចង្អុលប្រាប់ទិសគ្រូសមីស៊ីល (cruise missile) រយៈចម្ងាយឆ្ងាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់។

យោធាកូរ៉េខាងត្បូងមិនបានបញ្ជាក់លម្អិតអ្វីបន្ថែមនោះទេ ខណៈយោធាជប៉ុនក៏បានអះអាងដែរថាមីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដនេះអាចជាប្រភេទមីស៊ីលបាលិស្ទីគ។

គួរបញ្ជាក់ថា សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃចន្ទ ទី១៣ ខែកញ្ញាកន្លងទៅនេះក៏បានរាយការណ៍ផងដែរថា ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តដោយជោគជ័យនូវគ្រាប់មីស៊ីលចង្អុលប្រាប់ទិសក្នុងរយៈចម្ងាយឆ្ងាយ ដែលគេតែងហៅថា គ្រូសមីស៊ីល (cruise missile) ប្រកបដោយជោគជ័យ កាលពីថ្ងៃអាទិត្យកន្លងទៅ។

បើតាម KCNA គ្រាប់មីស៊ីលដែលអាចមានសមត្ថភាព ពាំក្បាលគ្រាប់នុយក្លេអ៊ែរខាងលើនេះ បានហោះហើរក្នុងរយៈចម្ងាយ រហូតដល់ទៅ ១,៥០០គីឡូម៉ែត្រ រួចទើបបុកចំគោលដៅទៅតាមការកំណត់ ហើយក៏បានធ្លាក់ទៅក្នុងដែនសមុទ្រ នៃប្រទេសកូរ៉េខាងជើងតែម្តង។ វាគឺជាការធ្វើតេស្តលើកចុងក្រោយហើយ បើគិតចាប់តាំងពីការធ្វើតេស្ត គ្រាប់មីស៊ីលរយៈចម្ងាយខ្លីមួយគ្រាប់ កាលពីអំលុងខែមីនា ឆ្នាំ២០២១៕