(បាងកក)៖ រដ្ឋាភិបាលថៃបានបញ្ចេញផែនការ អនុញាតឱ្យសាលារៀនបើកទ្វារឡើងវិញ ដោយភ្ជាប់ជាមួយការអនុវត្តវិធានការបង្ការ និងគ្រប់គ្រង COVID-19 យ៉ាងតឹងរ៉ឹង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១។

ផែនការខាងលើដែលមានគោល បំណងបង្កើតតំបន់សុវត្ថិភាពនៅតាមសាលារៀន ឬ Sandbox Safety Zone in School (SSS) ត្រូវបានផ្ដួចផ្ដើមរួមគ្នាដោយក្រសួងអប់រំ និងក្រសួងសុខាភិបាលរបស់ថៃ ហើយនៅក្រោមផែនការនេះ សាលាទំាងអស់ក៏នឹងត្រូវតម្រូវឱ្យធ្វើការវាយតម្លៃ អំពីលទ្ធភាពក្នុងការបើកដំណើរការថ្នាក់រៀនរបស់ខ្លួន ឡើងវិញដោយផ្អែកលើសេចក្ដីណែនាំនានាផ្ដល់ដោយក្រសួងអប់រំ និងអាចបើកថ្នាក់រៀនដោយកម្រិតចំនួនសិស្សផងដែរ។

គួរបញ្ជាក់ថា នៅក្រោមគំនិតផ្ដួចផ្ដើម SSS សាលា ឬគ្រឹះស្ថានអប់រំរបស់ថៃនឹងត្រូវអនុវត្តវិធានការបង្ការ និងគ្រប់គ្រង COVID-19 តាមកម្រិតធ្ងន់ ឬស្រាលអាស្រ័យទៅលើករណីឆ្លងនៅក្នុងតំបន់ ឬខេត្តរបស់ខ្លួន ដូចដែលត្រូវបានបែងចែកជាតំបន់បៃតង, លឿន, លឿទុំ, ក្រហម និងក្រហមក្រមៅ។ ការត្រៀមលក្ខណៈបើកសាលារៀនឡើងវិញនេះ បានកើតមានឡើងក្រោយពីប្រទេសថៃ មើលឃើញអត្រាឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារជំងឺ COVID-19 មានការថយចុះជាបន្តបន្ទាប់ បូករួមទាំងអត្រាចាក់វ៉ាក់សាំងកើនឡើង៕