(វ៉ាស៊ី នតោន)៖ ឧត្តមសេនីយ៍កំពូលម្នាក់របស់សហរដ្ឋអាមេរិក មានការព្រួយបារម្ភជាខ្លាំងកាលពីខែមករា ដើមឆ្នាំ២០២១កន្លងទៅ ដោយខ្លាចក្រែងថាលោក ដូណាល់ ត្រាំ មិនអាចគ្រប់គ្រងខ្លួនឯងបាន ហើយលោកបានធ្វើសកម្មភាពជាសម្ងាត់ដើម្បីរារាំងកុំឱ្យអតីតប្រធានាធិបតីអាមេរិករូបនេះបង្កសង្រ្គាមជាមួយចិន។ នេះបើតាមសៀវភៅថ្មី មួយក្បាល ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១។

បើតាមការដកស្រង់ខ្លឹមសារចេញពីសៀវភៅមានចំណងជើងថា «Peril ឬហានិភ័យ» របស់លោក Bob Woodward និងលោក Robert Costa ដែលនឹងត្រូវចេញផ្សាយ ក្នុងពេលឆាប់ៗនេះ នាយសេនាធិការកងទ័ពចម្រុះអាមេរិក លោក Mark Milley បានបញ្ជាជាសម្ងាត់ឱ្យក្រុមមនុស្សជំនិតរបស់លោកកុំធ្វើសកម្មភាពភ្លាមៗឱ្យសោះនៅពេល លោក ដូណាល់ ត្រាំ បញ្ជាឱ្យប្រើប្រាស់នុយក្លេអ៊ែរប្រឆាំងនឹងចិន។ សៀវភៅនេះបានឱ្យដឹងទៀតថា លោក Mark Milley បានហៅទូរស័ព្ទទៅកាន់សមភាគីចិន លោក Li Zuocheng ដល់ទៅ២លើក គឺកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ និងនៅថ្ងៃទី០៨ ខែមករា ពោលគឺ២ថ្ងៃបន្ទាប់ពីក្រុមអ្នកគាំទ្ររបស់លោក ត្រាំ ចូលអុកឡុកវិមានសភា ដើម្បីធានាថាវោហាស័ព្ទប្រឆាំងចិនរបស់លោក ត្រាំ នឹងមិនបង្កឱ្យសង្រ្គាមផ្ទុះឡើងទេ។

នៅក្នុងការហៅទូរស័ព្ទកាលពីខែតុលា លោក Mark Milley បានបញ្ជាក់ដូច្នេះថា «លោកឧត្ដមសេនីយ៍ Li, ខ្ញុំចង់ធានាចំពោះរូបលោកថារដ្ឋាភិបាលអាមេរិកគឺមានស្ថិរភាព ហើយអ្វីៗគ្រប់យ៉ាងគឺល្អប្រសើរដោយយើងនឹងមិនបើកការវាយប្រហារ ឬដឹកនាំប្រតិបត្តិការណាមួយប្រឆាំងនឹងអ្នកនោះទេ»

គួរបញ្ជាក់ថា បើតាមសៀវភៅខាងលើដដែល ជាការបញ្ជាក់ចំពោះលោក Li Zuocheng, លោក Milley ថែមទាំងបានជំរុញឱ្យមានការផ្អាកការធ្វើសមយុទ្ធយោធាមួយរបស់ ទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលចិនអាចនឹងចាត់ទុកថាជាការគំរាមកំហែង។ មិនតែប៉ុណ្ណោះ លោក Milley ក៏បានប្រាប់មនុស្សជំនិតរបស់លោក ផងដែរថាប្រសិនបើលោក ត្រាំ ប្រើអំណាចបញ្ជាឱ្យប្រើនុយក្លេអ៊ែរប្រឆាំងចិន ពួកគេត្រូវជូនដំណឹងដល់រូបលោកជាមុនសិន៕