(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានប្រាប់ប្រធានាធិបតីស៊ីរីលោក បាស្ហា អាល់អាសាដ ថា វត្តមានដោយគ្មានការអនុញ្ញាតរបស់កងកម្លាំងប្រដាប់អាវុធបរទេសនៅក្នុងផ្នែកខ្លះ នៃប្រទេសស៊ីរី គឺជាបញ្ហាចម្បងដែលប្រទេសមជ្ឈឹមបូព៌ាមួយនេះ កំពុងប្រឈមមុខ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១។

លោក ពូទីន បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយលោក អាសាដ នៅទីក្រុងម៉ូស្គូកាលពីថ្ងៃចន្ទដូច្នេះថា វត្តមានរបស់កងកម្លាំងបរទេសដែលមិនត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិ ឬថ្នាក់ដឹកនាំស៊ីរី គឺផ្ទុយពីច្បាប់អន្តរជាតិ និងបានរារាំងកិច្ចប្រឹងប្រែងដើម្បីពង្រឹងប្រទេស ក៏ដូចជាបានកាត់បន្ថយល្បឿន នៃការស្តារប្រទេសឡើងវិញក្រោយសង្គ្រាម។

ទន្ទឹមគ្នានោះ លោក ពូទីន សង្ឃឹមថា សកម្មភាពរបស់លោក អាសាដ ក្នុងការបង្កើតកិច្ចសន្ទនាជាមួយគូប្រជែងនយោបាយនឹងបន្ត ព្រោះមានតែការបង្រួបបង្រួមកម្លាំងទាំងអស់នៅក្នុងប្រទេសស៊ីរីទេ ដែលនឹងធ្វើឱ្យប្រទេសនេះឆ្ពោះទៅមុខបាន៕