(វ៉ាស៉ីនតោន)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក ឈិន ហ្គេង (Qin Gang) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោនបង្កើតលក្ខខណ្ឌចាំបាច់នានា សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មចិន-អាមេរិកដំណាក់កាលទី (phase-one)។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១។

លោក Qin Gang បានថ្លែងនៅក្នុងកំឡុងកិច្ចប្រជុំ ជាមួយសមាជិកក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-ចិនថា «ជាការបង្ហាញពីភាពស្មោះត្រង់ ប្រទេសចិនបានបន្តអនុវត្តកិច្ចព្រមព្រៀងនេះ បើទោះបីជាមានការឆ្លងរាតត្បាតនៃជំងឺ COVID-19 ក៏ដោយ»។ លោក Qin Gang បាននិយាយបន្តទៀតថា ប្រទេសចិនបានធ្វើឱ្យមានភាពជឿនលឿនជាវិជ្ជមាន ក្នុងការពង្រឹងការការពារសិទ្ធិកម្មបញ្ញា និងការពង្រីកទីផ្សារផលិតផលកសិកម្ម និងវិស័យហិរញ្ញវត្ថុផងដែរ។

ទោះយ៉ាងណា ចាប់តាំងពីកិច្ចព្រមព្រៀងនេះបានចូលជាធរមាន សហរដ្ឋអាមេរិកបានបន្តការដាក់ទណ្ឌកម្ម និងការរឹតបន្តឹងលើប្រទេសចិន រួមទាំងការដាក់ក្រុមហ៊ុន និងអង្គភាពចិនជាង ៩០០ ចូលទៅក្នុងបញ្ជីនៃការរឹតបន្តឹងផ្សេងៗទៀតផង។ លោក Qin Gang បានសង្កត់ធ្ងន់ថា «ទាំងនេះបានជះឥទ្ធិពលដោយផ្ទាល់ទៅលើសមត្ថភាព និងឆន្ទៈរបស់ក្រុមហ៊ុនចិន ក្នុងការទិញផលិតផលពីសហរដ្ឋអាមេរិក និងបានធ្វើឱ្យមានផលប៉ះពាល់ជាអវិជ្ជមាន ដល់ការអនុវត្តកិច្ចព្រមព្រៀងនេះផងដែរ»