(ប៉េកាំង)៖ បណ្តាញដឹកជញ្ជូននៅក្នុងទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំំរបស់ចិន ត្រូវបានស្តារឡើងវិញហើយនៅថ្ងៃអង្គារនេះ ខណៈព្យុះទីហ្វុង ចន្ធូ (Chanthu) នៅតែបន្តបោកបក់នៅឯនាយសមុទ្រនៅឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅល្ងាចថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១។

ព្យុះទីហ្វុង Chanthu បានបង្កឲ្យមានខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់យ៉ាងដំណំ លើទីក្រុងដ៏ធំបំផុតរបស់ប្រទេសចិន និងតំបន់ជុំវិញនោះ ប៉ុន្តែកម្លាំងព្យុះទីហ្វុងនេះ បានចុះខ្សោយបន្តិចម្ដងៗនៅថ្ងៃអង្គារនេះ ដែលវាស្ថិតនៅចម្ងាយប្រហែល ២២៥គីឡូម៉ែត្រពីភាគខាងកើតទីក្រុងសៀងហៃ និងកំពុងធ្វើដំណើរជាមួយកម្លាំងខ្យល់បក់ខ្លាំងបំផុត ១២៦គីឡូម៉ែត្រក្នុងមួយម៉ោង។ វានឹងចាប់ផ្តើមធ្វើដំណើរទៅភាគឦសាន្តឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង និងជប៉ុននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

គួរបញ្ជាក់ថា ទីក្រុងសៀងហៃកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានលុបចោលរាល់ជើងហោះហើរ បានផ្អាករាល់ខ្សែរថភ្លើងក្រោមដី និងបានបិទសាលារៀន និងការិយាល័យនានាផងដែរ ខណៈកំពុងត្រៀមខ្លួនប្រឈមនឹងការមកដល់នៃព្យុះទីហ្វុងនេះ ហើយមនុស្សប្រហែល ១០០,០០០នាក់ត្រូវបានជម្លៀសចេញពីតំបន់ ដែលងាយរងគ្រោះខ្លាំងបំផុត៕