(ប៉េកាំង)៖ នៅថ្ងៃទី១៣ និងថ្ងៃទី១៤ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានចូលរួមសវនាការនៃរដ្ឋសភាអាមេរិក ក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា ស្តីពីបញ្ហាដកទ័ពចេញពីអាហ្វហ្កានីស្ថាន។ ពេលមុននេះ ប្រព័ន្ធសារព័ត៌មានអាមេរិកបានលើកឡើងថា ទាក់ទិននឹងការដកចេញពីអាហ្វហ្កានីស្ថាន ប្រកបដោយភាពបរាជ័យរបស់កងទ័ពអាមេរិក លោក Antony Blinken មានកំហុសដែលមិនអាចច្រានចោលបាន តាមការប៉ាន់ប្រមាណ ក្នុងសវនាការរបស់រដ្ឋសភា លោកនឹងប្រឈមនឹងការចោទជាមន្ទិលសង្ស័យធ្ងន់ធ្ងរបំផុត។

តាមពិតទៅ សវនាការលើកនេះនឹងក្លាយជាបង្អួចមួយ សម្រាប់ឱ្យពិភពលោកយល់ដឹងពីប្រភពដើម នៃសង្គ្រាមដែលបំផុសឡើងដោយអាមេរិក និងអនុត្តរភាណបែបអាមេរិក ក៏ដូចជាភាពបរាជ័យនៃផែនការស្តីពី «ការផ្ទេរប្រជាធិបតេយ្យរបស់ខ្លួនទៅប្រទេសដទៃ» ផងដែរ។

ក្នុងនាមជាប្រទេសមួយដែលមានប្រវត្តិសាស្ត្រតែជាង ២៤០ឆ្នាំ សង្គ្រាមដែលអាមេរិកបានបំផុស និងចូលរួមបានឡើងដល់ជាង ២០០លើក។ គ្រាន់តែបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ កាលពីឆ្នាំ១៩៤៥ ដល់ឆ្នាំ២០០១ ក្នុងចំណោមការប៉ះទង្គិចដោយកម្លាំងអាវុធចំនួន ២៤៨លើក ក្នុងតំបន់ចំនួន ១៥៣កន្លែង នៅលើពិភពលោក អាមេរិកបានបំផុសចំនួន ២០១លើក ត្រូវជា ៨១ភាគរយនៃចំនួនសរុប។ មិនបាច់សង្ស័យឡើយ អាមេរិកជាប្រទេសញៀននឹងសង្គ្រាមបំផុតនៅលើពិភពលោក។

ក្រៅពីនេះ ការញៀននឹងសង្គ្រាមរបស់អាមេរិក ក៏មានការគិតគូរជាក់ស្តែងខាងសេដ្ឋកិច្ចផងដែរ។ កាលពីឆ្នាំ២០១៩ លោក Duterte ប្រធានាធិបតីហ្វីលីពីន ធ្លាប់លើកឡើងក្នុងសុន្ទរកថាមួយលើកថា អាមេរិកសង្ឃឹមធ្វើសង្គ្រាមជាប់រហូត ពីព្រោះការធ្វើសង្គ្រាមនឹងធ្វើឱ្យប្រទេសដទៃទៀត ទិញយន្តហោះ នាវាចម្បាង និងគ្រាប់កាំភ្លើងពីអាមេរិក ល្គឹកណាដែលសង្គ្រាមបានបញ្ចប់ នោះអាមេរិកនឹងមានមនុស្សជាច្រើន នឹងបាត់បង់ការងារ។ អាចនិយាយបានថា ពាក្យសំដីរបស់លោក Duterte ជាការនិយាយត្រូវណាស់។

អាចមើលឃើញថា អាមេរិកដែលបានបំផុសសង្គ្រាមរហូតដល់បច្ចុប្បន្ននេះ ងប់ងល់នឹងកម្លាំងអាវុធ ព្រមទាំងឆ្លៀតឱកាសនេះទទួលបានផលកំរៃយ៉ាងច្រើនសន្ធឹក ហើយក៏ប្រើប្រាក់កំរៃទាំងនេះក្នុងសកម្មភាពយោធារបស់ខ្លួន ដែលគ្របបណ្ដប់នៅពិភពលោកទាំងមូល បណ្តាលឱ្យការចំណាយថវិកាយោធារបស់អាមេរិក គួរឱ្យអ្នកផងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទិន្នន័យបានបង្ហាញឱ្យឃើញថា នៅឆ្នាំ២០២០ ថវិកាយោធារបស់អាមេរិកដល់ទៅ ៧៧៨,០០០លានដុល្លារអាមេរិក ត្រូវជា ៣៩ភាគរយនៃថវិកាយោធាសរុបនៅទូទាំងពិភពលោក។ ថវិកាយោធាដ៏ច្រើនសន្ធឹក បានផ្តល់ការទ្រទ្រង់ដល់អាមេរិក ក្នុងការធ្វើអនុត្តរភាពបែបអាមេរិកតាមទំនើងចិត្តនៅលើពិភពលោក ហើយបានបំផុសសង្គ្រាម និងបណ្តាលឱ្យកើតមានភាពច្របូកច្របល់។

ព្រមពេលជាមួយគ្នានេះ អាមេរិកក៏ប៉ុនប៉ងកែប្រែប្រទេសដទៃទៀត តាមរយៈឆន្ទៈរបស់ខ្លួន បង្ខំឱ្យផ្ទេរប្រជាធិតេយ្យរបស់ខ្លួនទៅប្រទេសដទៃ ប៉ុន្តែគ្មានករណីលើកលែងណាមួយទេ សុទ្ធតែទទួលបានបរាជ័យ ហើយបានបណ្តាលឱ្យប្រជាជនក្នុងតំបន់ រងទុក្ខវេទិនាយ៉ាងខ្លាំង។

«ដោយបានឃើញស្ថានភាព នៃតំបន់ជាច្រើននៅលើពិភពលោក ខ្ញុំមានការព្រួយបារម្ភណាស់ ពីការរីករាលដាលនៃភេរវនិយម» នាពេលថ្មីៗកន្លងទៅនេះ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបង្ហាញអាកប្បកិរិយាដូចពោលខាងលើនេះ ដែលបានបង្ហាញឱ្យឃើញនូវមូលហេតុទទួលបរាជ័យ នៃសង្គ្រាមប្រឆាំងភេរវកម្មរបស់អាមេរិក ក្នុងរយៈពេល ២០ឆ្នាំកន្លងមក។ តើសង្គ្រាមបានធ្វើឱ្យអាមេរិកមានភាពរុងរឿងតាមរបៀបណា ហើយអាមេរិកបានបំផ្លិចបំផ្លាញពិភពលោក តាមរយៈសង្គ្រាមតាមរបៀបណា? យើងនឹងរង់ចាំស្តាប់ការដោះសារបស់លោក Antony Blinken ក្នុងរយៈពេលពីរថ្ងៃបន្ទាប់មក។ ឥឡូវគឺដល់ពេលដែលពិភពលោក តាមដានរកប្រភពដើមនៃសង្គ្រាមរបស់អាមេរិក ដែលញៀននឹងសង្គ្រាមហើយ! (#CCFRComment#)