(វ៉ាស៉ីនតោន)៖ ធនាគារពិភពលោកកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានចេញរបាយការណ៍មួយដែលព្យាករថា បាតុភូតបម្រែបម្រួលអាកាសធាតុ អាចបង្ខំឲ្យមនុស្សរហូតដល់ ២១៦លាននាក់ នៅជុំវិញពិភពលោក ត្រូវផ្លាស់ទីក្នុងប្រទេសពួកគេ នៅត្រឹមឆ្នាំ២០៥០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១។

របាយការណ៍ខាងលើបានលើកឡើងថា បម្រែបម្រួលអាកាសធាតុ គឺកត្តាជំរុញដ៏ខ្លាំងបំផុតមួយ នៃការធ្វើចំណាកស្រុកនៅក្នុងប្រទេស ដោយសារតែផលប៉ះពាល់របស់វា លើជីវភាពរស់នៅរបស់ប្រជាជន ហើយនិងភាពលែងអំណោយផលសម្រាប់ការរស់នៅ នៃកន្លែងដែលរងឥទ្ធិពលខ្លាំង។

យោងតាមរបាយការណ៍ដដែល គឺនៅត្រឹមឆ្នាំ២០៥០ អនុតំបន់សាហារ៉ានៃទ្វីបអាហ្រ្វិក អាចមើលឃើញជនផ្លាស់ទីក្នុងប្រទេស ដោយសារតែ បញ្ហាអាកាសធាតុ ចំនួន ៨៦លាននាក់។ តំបន់អាស៉ីខាងកើតនិងប៉ាស៉ីហ្វិក អាចមើលឃើញ ៤៩លាននាក់។ តំបន់អាស៉ីខាងត្បូអាចមើលឃើញ ៤០លាននាក់។ តំបន់អាហ្វ្រិកខាងជើងអាចមើលឃើញ ១៩លាននាក់។ តំបន់អាមេរិកអាឡីន អាចមើលឃើញ ១៧លាននាក់។ តំបន់អឺរ៉ុបខាងកើត និងអាស៉ីកណ្តាលអាចមើលឃើញ ៥លាននាក់។

ជាចុងក្រោយរបាយការណ៍របស់ធនាគារពិភពលោក បានគូសបញ្ជាក់ថា សកម្មភាពទាន់ពេលវេលា និងរួបរួមគ្នា ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងដើម្បីគាំទ្រការអភិវឌ្ឍបែបបៃតង អាចកាត់បន្ថយទំហំការផ្លាស់ទីប្រជាជននៅក្នុងប្រទេស ដោយសារបញ្ហាអាកាសធាតុ បានរហូតដល់៨០ភាគរយ៕