(គូឡាឡាំពួ)៖ បណ្ដាប្រទេសចំនួន ៦ ក្នុងតំបន់អាស៊ី កំពុងទទួលរងសម្ពាធឱ្យលុបចោលគម្រោងថ្មីៗ ដើម្បីផលិតថាមពលពីធ្យូងថ្មរបស់ពួកគេ ខណៈកិច្ចប្រជុំស្ដីពីការប្រែប្រួលអាកាសធាតុ កាន់តែខិតជិតមកដល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១។

បើតាមរបាយការណ៍ថ្មីមួយ ចេញផ្សាយនៅថ្ងៃអង្គារនេះដោយស្ថាប័ន E3G គម្រោងផលិតថាមពលពីធ្យូងថ្មថ្មីៗ នៅទូទាំងសកលលោកបានធ្លាក់ចុះ ៧៦ភាគយ ចាប់តាំងពីមានកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស កាលពីឆ្នាំ២០១៥មក ដោយមានប្រទេសចំនួន ៤៤ បានយល់ព្រមបិទបញ្ចប់គម្រោងថ្មីៗ នៃការផលិតថាមពលពីធ្យូងថ្មរបស់ពួកគេ។

តែទោះជាយ៉ាងនេះក្ដី ប្រទេសចំនួន ៦ ក្នុងតំបន់អាស៊ីដូចជា ចិន, ឥណ្ឌា, វៀតណាម, ឥណ្ឌូណេស៊ី, តួកគី និងបង់ក្លាដែស នៅតែបន្តជាប្រទេសនាំគ្នាមុខខាងប្រើប្រាស់ ថាមពលធ្យូងថ្មដដែល ហើយប្រសិនជាប្រទេសទាំងនេះយល់ព្រមធ្វើសកម្មភាព នោះអាចនឹងជួយលុបចោលនូវគម្រោងថាមពលថ្មធ្យូងយ៉ាងណាស់ ៤ ភាគ ៥ មុននឹងការសាងសង់ចាប់ផ្ដើម។

គួរបញ្ជាក់ថា ការបញ្ឈប់ការប្រើប្រាស់ធ្យូងថ្ម ដែលជាឥន្ធនៈផូស៊ីលបំពុលបរិស្ថានខ្លាំងជាងគេបំផុត គឺជាកត្តាមួយដ៏សំខាន់មួយជួយដល់ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល អាកាសធាតុសកល ជាពិសេសគឺអាចជួយកាត់បន្ថយការឡើងកម្ដៅផែនដីតែម្ដង។ ប៉ុន្តែធ្យូងថ្មនៅតែជាប្រភពដ៏សំខាន់ សម្រាប់ការផលិតថាមពលនៅអាស៊ី ដែលតំណាងឲ្យ ៧៥% នៃតម្រូវការធ្យូងថ្មពិភពលោក៕