(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១១,៧៨៦ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១១,៥១៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២៧១ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ១៣៦នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៤,៧៣៨នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៤០៦,៥៤២ករណី ក្នុងនោះមានអ្នកស្លាប់ ១៤,៦២១នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,២៦២,៨៩៦នាក់។ គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសថៃសម្រេចបានការចាក់វ៉ាក់សាំងសរុប ៤០.១លានដូស ក្នុងនោះប្រជាជន ១២.២៥លាននាក់ (១៧.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕