(ហ្សឺណែវ)៖ ប្រធានបេសកកម្មការទូតចិនប្រចាំនៅ ទីភ្នាក់ស្នាក់ការអង្គការសហប្រជាជាតិ (UN) ក្នុងទីក្រុងហ្សឺណែវ លោក ឈិន ស៊ូ (Chen Xu) បានប្រកាសថា ទីក្រុងប៉េកាំងនឹងបរិច្ចាគវ៉ាក់សាំងបង្ការ COVID-19 ក្នុងកញ្ចប់ដំបូងចំនួន «៣លានដូស» ទៅដល់ប្រទេសអាហ្វហ្កានីស្ថាន ខណៈជំនួយចាំបាច់ផ្សេងៗទៀត ក៏នឹងត្រូវផ្តល់ជូនផងដែរក្នុងពេលបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១។

សម្រាប់ជំនួយដែលប្រទេសចិន នឹងផ្តល់ជូនជាចាំបាច់ទៅកាន់ប្រទេសអាហ្វហ្កានីស្ថាន នោះមានដូចជា ចំណីអាហារ, សម្ភារៈប្រើប្រាស់ក្នុងរដូវរងា, វ៉ាក់សាំងបង្ការ COVID-19 និងថ្នាំពេទ្យជាដើម ដែលសរុបជាទឹកប្រាក់ចំនួន ២០០លានយ័ន ឬស្មើនឹងជាង ៣០លានដុល្លារអាមេរិក។

លោក ឈិន ស៊ូ ក៏មិនភ្លេចលើកឡើងផងដែរថា ប្រទេសចិនតែងតែគោរពអធិបតេយ្យភាព, ឯករាជភាព និងបូរណភាពទឹកដី នៃប្រទេសអាហ្វហ្កានីស្ថាន ក្នុងនាមជាមិត្តជិតខាងដ៏ស្និទ្ធស្នាល ដោយចិនមិនដែលលូកលាន់ កិច្ចការផ្ទៃក្នុងប្រទេសដទៃនោះឡើយ ហើយចិនតែងតែអនុវត្តគោលនយោបាយ ប្រកបដោយលក្ខណៈមិត្តភាព ជាមួយប្រជាជនអាហ្វហ្កានីស្ថានទាំងអស់។

គួរបញ្ជាក់ថា បេសកកម្មការទូតចិនប្រចាំនៅទីស្នាក់ការ UN ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ទៅដល់តួនាទីស្នូលនៃស្ថាប័នកំពូល របស់អន្តរជាតិមួយនេះ ក្នុងការកៀរគរជំនួយមនុស្សធម៌បន្ទាន់ ដើម្បីសង្គ្រោះប្រជាជនអាហ្វហ្កានីស្ថាន ក្នុងគ្រាដ៏លំបាកលំបិននេះផងដែរ។ UN កំពុងត្រូវការជំនួយយ៉ាងហោចណាស់ ៦០០លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២១នេះ ដើម្បីសង្គ្រោះប្រជាជនអាហ្វហ្កានីស្ថានពាក់កណ្តាល ឬស្មើនឹង ១៨លាននាក់ ពីគ្រោះអត់ឃ្លាន និងបញ្ចៀសការដួលរលំសេដ្ឋកិច្ច ដែលនឹងបង្កឲ្យផលវិបាកនានាកាន់តែរីកធំឡើង៕