(កាប៊ុល)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) នៅថ្ងៃចន្ទសប្ដាហ៍នេះ បានជំរុញឱ្យសហគមន៍អន្តរជាតិ ចូលរួមជាមួយក្រុមតាលីបង់ និងផ្តល់ជំនួយដែលត្រូវការយ៉ាងខ្លាំងបំផុត ដល់ប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលជើងហោះហើរពាណិជ្ជកម្មបរទេសដំបូង បានចាកចេញពីទីក្រុងកាប៊ុល (Kabul) ដែលជាសញ្ញាក្ដីសង្ឃឹមសម្រាប់អ្នក ដែលនៅតែព្យាយាមចង់ចាកចេញពីប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១។

លោក Antonio Guterres កំពុងស្ថិតនៅក្នុងទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស ដើម្បីរៀបចំសន្និសីទមួយ ដែលមានបំណងរៃអង្គាសប្រាក់ ៦០០លានដុល្លារអាមេរិក សម្រាប់ប្រទេសអាហ្វហ្កានីស្ថាន ដែលបានហែកហួរដោយអំពើហិង្សាអស់រយៈពេល ២០ឆ្នាំមកនេះ។

លោក Antonio Guterres បានប្រាប់រដ្ឋមន្ត្រីដែលចូលរួមកិច្ចពិភាក្សា នៅក្នុងទីក្រុងហ្សឺណែវថា «វាមិនអាចទៅរួចទេក្នុងការផ្តល់ជំនួយមនុស្សធម៌ នៅប្រទេសអាហ្វហ្គានីស្ថាន ដោយមិនមានការចូលរួមពីអាជ្ញាធរ។ វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការចូលរួមបង្កើនទំនាក់ទំនងជាមួយក្រុមតាលីបង់ នៅពេលបច្ចុប្បន្ននេះ»។ លោក Antonio Guterres បានជំរុញឱ្យប្រទេសនានា «រកវិធីដែលអនុញ្ញាតឱ្យមានការចាក់បញ្ចូលសាច់ប្រាក់ នៅក្នុងសេដ្ឋកិច្ចនៃប្រទេសអាហ្វហ្គានីស្ថាន» ដើម្បីបញ្ចៀសការដួលរលំសេដ្ឋកិច្ចទាំងស្រុង ដែលនឹងបណ្ដាលឱ្យមាន «ផលវិបាក និងការបំផ្លិចបំផ្លាញ» យ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន។

គួរបញ្ជាក់ថា បើតាមប្រមុខកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោក ម៉ាទីន ហ្គ្រីហ្វហ្វីហ្វ (Martin Griffiths) បណ្តាប្រទេសជាម្ចាស់ជំនួយ បានសន្យាផ្តល់ជំនួយទឹកប្រាក់សរុបចំនួន ១.២ពាន់លានដុល្លារអាមេរិក ប៉ុន្តែមិនបាននិយាយថា តើទឹកប្រាក់ចំនួនប៉ុន្មាននឹងត្រូវលៃលក តបតាមកញ្ចប់ទឹកប្រាក់សរុបចំនួន ៦០០លានដុល្លារអាមេរិកដែល UN កំពុងត្រូវការ ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់ឆ្នាំ២០២១នេះ នៅប្រទេសអាហ្វហ្កានីស្ថាននោះទេ៕