(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋាភិបាលអាមេរិក បានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងដឹកនាំកិច្ចប្រជុំ «ក្វាដ» (Quad) ដែលមានប្រទេសចំនួន ៤ ជាសមាជិកនោះគឺ អូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិកផ្ទាល់។ នេះបើតាមការដកស្រង់ព័ត៌មាន នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១។

កិច្ចប្រជុំខាងលើនេះ នឹងត្រូវប្រារព្ធឡើងនៅសេតវិមាន នៃរដ្ឋធានីវ៉ាស៊ីនតោន ដោយលោក ចូ បៃដិន នឹងស្វាគមន៍ដោយផ្ទាល់ជាលើកដំបូង ចំពោះវត្តមានមេដឹកនាំក្រុមប្រទេស Quad ដូចជា នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កត់ ម៉ូរីសុន (Scott Morrison), នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi) និងនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga) នៅថ្ងៃទី២៤ ខែកញ្ញា ឆាប់ៗខាងមុខនេះ ខណៈដែលមេដឹកនាំទាំងនេះ ក៏នឹងត្រូវទៅចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាត នៃអង្គការសហប្រជាជាតិ (UNGA) នៅសប្តាហ៍ក្រោយនេះផងដែរ។

គួរបញ្ជាក់់ថា កាលពីអំលុងខែមីនា ឆ្នាំ២០២១ កិច្ចប្រជុំ Quad ត្រូវបានធ្វើឡើង តាមរយៈប្រព័ន្ធវីដេអូអនឡាញតែប៉ុណ្ណោះ ដោយសារតែការរាតត្បាតនៃជំងឺ COVID-19 ធ្ងន់ធ្ងរ នៅក្នុងប្រទេសជាសមាជិក។ នៅក្នុងកិច្ចប្រជុំលើកមុន មេដឹកនាំប្រទេសធំៗទាំងអស់នេះ បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំង ដើម្បីប្រឈមមុខនឹងការកើនឡើងឥទ្ធិពល នៃប្រទេសចិននៅក្នុងតំបន់។

បន្ថែមពីនេះ សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី ក៏បានប្តេជ្ញាធ្វើការងាររួមគ្នាឲ្យកាន់តែជិតស្និទ្ធ ទៅលើការចែកចាយវ៉ាក់សាំងបង្ការ COVID-19 និងដោះស្រាយបញ្ហារួមរបស់់អន្តរជាតិ នោះគឺបម្រែបម្រួលអាកាសធាតុ ហើយក៏ធានាឲ្យបានថា តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅតែជាតំបន់បើកទូលាយជានិច្ច បើទោះបីជាឥទ្ធិពលចិនកំពុងកើនឡើង ឥតឈប់ឈរយ៉ាងណាក៏ដោយ៕