(កាប៊ុល)៖ សហស្ថានបនិកនៃក្រុមតាលីបង់ លោក អាប់ឌុល ហ្គានី បារ៉ាដា (Abdul Ghani Baradar) ដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលថ្មីនៅអាហ្វហ្កានីស្ថាន បានបញ្ចេញសារជាសំឡេងមួយ ដើម្បីច្រានចោលពាក្យចចាមអារ៉ាមដែលថា លោកបានស្លាប់បាត់ទៅហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាល្ងាចថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១។

លោក Abdul Ghani Baradar ដែលត្រូវបានចាត់ទុកជាមនុស្សមានអំណាចទី ២ ក្នុងជួររដ្ឋាភិបាលថ្មី ដែលមានលោក មូលឡោះ ម៉ូហាំម៉ាត់ ហាស្សាន អាខាន់ (Mullah Mohammed Hassan Akhund) ជានាយករដ្ឋមន្ត្រីនោះ បានថ្លែងសារជាសំឡេងនៅថ្ងៃចន្ទនេះ ដើម្បីច្រានចោល និងស្តីបន្ទោសធ្ងន់ៗចំពោះ ពាក្យចចាមអារ៉ាមដ៏ធំមួយ ដែលត្រូវបានផ្សព្វផ្សាយពាសពេញ បណ្តាញសង្គមនៅអាហ្វហ្កានីស្ថានថា «លោកបានបាត់បង់ជីវិតទៅហើយ»

នៅក្នុងពាក្យចចាមអារ៉ាមនោះបានរៀបរាប់ថា លោក Baradar បានបាត់បង់ជីវិត បន្ទាប់ពីទទួលរងរបួសធ្ងន់ធ្ងរ ដោយសារតែជម្លោះប្រដាប់អាវុធ ជាមួយសមាជិកក្នុងក្រុមតាលីបង់ដូចគ្នា នៅឯវិមានប្រធានាធិបតី ក្នុងរដ្ឋធានីកាប៊ុលតែម្តង។

ជុំវិញរឿងរ៉ាវដ៏រសើបនេះ លោក Baradar បានបកស្រាយនៅក្នុងសារសំឡេងនោះថា «មានព័ត៌មានដែលបានចេញផ្សាយតាមបណ្តាញនានា អំពីការស្លាប់របស់ខ្ញុំ។ ប៉ុន្មានយប់មកនេះ ខ្ញុំបានធ្វើដំណើរទៅទីកន្លែងឆ្ងាយៗមួយចំនួន។ ទោះជាយ៉ាងណា សម្រាប់ខ្ញុំរួមទាំងមិត្តភក្តិបងប្អូនខ្ញុំទាំងអស់ នៅពេលនេះគឺគ្មានបញ្ហាអ្វីកើតឡើងនោះឡើយ»

លោក Baradar បានសង្កត់ធ្ងន់ទៀតថា «សារព័ត៌មានតែងតែផ្សព្វផ្សាយរឿងមិនពិត។ ហេតុដូច្នេះ ខ្ញុំសូមច្រានចោលយ៉ាងដាច់ខាត ចំពោះការកុហកទាំងនោះ ហើយខ្ញុំអាចបញ្ជាក់ ១០០% ប្រាប់អ្នកទាំងអស់គ្នាថា គ្មានបញ្ហាអ្វីទាល់តែសោះ ហើយក៏គ្មានរឿងអ្វីបានកើតឡើង ចំពោះពួកយើងនោះដែរ»