(ទ្រីប៉ូលី)៖ ស្ថានទូតបារាំង, អាល្លឺម៉ង់, អ៉ីតាលី, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកផងដែរ បានរួមគ្នាជំរុញឲ្យគ្រប់ភាគីទាំងអស់ នៅក្នុងប្រទេសលីប៊ី ធានាឲ្យបាននូវការបោះឆ្នោតសភា និងប្រធានាធិបតីដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ នៃស្ថានទូតបណ្តាប្រទេសខាងលិច ប្រចាំនៅប្រទេសលីប៊ីខាងលើនេះ បានគូសបញ្ជាក់ថា «គ្រប់តួអង្គនយោបាយទាំងអស់ (នៅក្នុងប្រទេសលីប៊ី) គួរតែទទួលស្គាល់ថា ឥឡូវនេះវាដល់ពេលហើយនៅក្នុងការ ផ្សាភ្ជាប់ទំនាក់ទំនងជាមួយគ្នា និងបញ្ចប់យន្តការនានា នៅក្នុងការរៀបចំទៅរកការបោះឆ្នោត ដើម្បីជាការឆ្លើយតបទៅនឹងកង្វល់ របស់ពលរដ្ឋលីប៊ីទាំងអស់»

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នៃប្រទេសលោកខាងលិចខាងលើនេះ គឺជាការប្តេជ្ញាចិត្តឡើងវិញ ចំពោះវេទិកានៃកិច្ចសន្ទនាយោបាយលីប៊ី គាំទ្រដោយអង្គការសហប្រជាជាតិ (UN) ដែលត្រូវបានប្រារព្ធឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងសេចក្តីប្រកាសនៃដំណោះស្រាយលេខ ២៥៧០ របស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC)។ ទាំងអស់នេះ គឺជាជំហានគន្លឹះ ដែលអន្តរជាតិបានត្រួសត្រាយ ដើម្បីធ្វើការបង្រួបបង្រួមជាតិលីប៊ីឡើងវិញ ហើយលទ្ធផលទាំងអស់នេះ គួរតែត្រូវបានគោរពដោយគ្រប់ភាគីទាំងអស់៕