(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ទីភ្នាក់ងារអាមេរិក FBI បានបញ្ចេញឯកសារ ទាក់ទងទៅនឹងការស៉ើបអង្កេតរបស់ខ្លួន ជុំវិញករណីវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ និងការចោទប្រកាន់ដែលថា រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានផ្តល់ការគាំទ្រដល់ក្រុមភេរវករ ដែលប្លន់យន្តហោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១។

ការបញ្ចេញឯកសារខាងលើរបស់ FBI គឺត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចេញបញ្ជាប្រតិបត្តិមួយ ឲ្យធ្វើយ៉ាងដូច្នោះ។ ឯកសារនោះ បានរៀបរាប់អំពី ការទាក់ទងគ្នារវាងក្រុមភេរវករប្លន់យន្តហោះ និងក្រុមបុគ្គលជនជាតិអារ៉ាប៊ីសាអូឌីត ប៉ុន្តែពុំមានភស្តុតាងដែលអាចបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងរីយ៉ាដ មានជាប់ពាក់ព័ន្ធក្នុងគម្រោងវាយប្រហារ ដែលបានផ្តាច់ជីវិតមនុស្សជិត ៣,០០០នាក់ នោះទេ។ អារ៉ាប៊ីសាអូឌីត ក៏ធ្លាប់បដិសេធជាយូរមកហើយដែរថា ខ្លួនពុំមានជាប់ទាក់ទងនឹង ព្រឹត្តិការណ៍មហាភេរវកម្មលើសហរដ្ឋអាមេរិក ឡើយ។

គួរបញ្ជាក់ថា ក្នុងចំណោមក្រុមភេរវករប្លន់យន្តហោះទាំង១៩នាក់ គឺមាន១៥នាក់មកពីអារ៉ាប៊ីសាអូឌីត។ យ៉ាងណាមិញ អាជ្ញាធរអាមេរិក កន្លងមកពុំបានរកឃើញភស្តុតាងណាមួយទេ ដែលបង្ហាញថា រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានជួយគាំទ្រដោយផ្ទាល់ ដល់ក្រុមភេរវករអាល់កៃដា ដែលពេលនោះត្រូវក្រុមតាលីបង់ ផ្តល់កន្លែងជ្រកកោននៅអាហ្វហ្កានីស្ថាន។ ប៉ុន្តែវាបានទុកឲ្យមានការសង្ស័យថា ប្រហែលមានបុគ្គលជាមន្រ្តីអារ៉ាប៊ីសាអូឌីត បានធ្វើយ៉ាងដូច្នោះ។

ក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងរងរបួស ក្នុងព្រឹត្តិការណ៍ភេរវកម្ម «១១ កញ្ញា» ព្រមទាំងអាជីវកម្ម និងក្រុមហ៊ុនធានារ៉ាប់រងជាច្រើន នៅសហរដ្ឋអាមេរិក បាននាំគ្នាប្តឹងអារ៉ាប៊ីសាអូឌីត ដើម្បីទាមទារប្រាក់សំណងរាប់ពាន់លានដុល្លារ៕