(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៧២,២០៣នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៧១៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤១,៨១៦,៦៦៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៧៧,៧៣៧នាក់ និងជាសះស្បើយឡើងសរុប ៣១.៨៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានដាក់ចេញនូវវិធានការក្តៅថ្មីមួយ ដោយតម្រូវឱ្យបុគ្គលិករដ្ឋទាំងអស់ ត្រូវតែទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 និងជំរុញឱ្យបណ្ដាក្រុមហ៊ុនធំៗត្រូវតែតម្រូវឱ្យបុគ្គលិក ឬកម្មកររបស់ខ្លួនចាក់វ៉ាក់សាំងបង្ការ បើពុំដូច្នោះទេត្រូវឆ្លងកាត់ការធ្វើតេស្ដប្រចាំសប្ដាហ៍។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៧៨លានដូស ក្នុងនោះប្រជាជន ២០៨.៣លាននាក់ (៦៣.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៧៧.៤៣លាននាក់ (៥៤.១%) បានទទួលការចាក់គ្រប់ដូស៕