(វ៉ាស៉ីនតោន)៖ កំលុងពិធីផ្លូវការនៃការរំលឹកខួបព្រឹត្តិការណ៍មហាភេរវកម្ម នៅសហរដ្ឋអាមេរិក «១១ កញ្ញា» ដែលបានប្រព្រឹត្តទៅនៅក្នុងទីក្រុងញូយ៉ក ក្រុងស៊ែងស្វៀល (Shanksville) នៃរដ្ឋភែនស៉ីលវេនៀ (Pennsylvania) និងរដ្ឋធានីវ៉ាស៉ីនតោន នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ អតីតប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ត្រូវគេសង្កេតឃើញថា អវត្តមាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១។

កំលុងពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងទីក្រុងញូយ៉ក ដែលរៀបចំឡើងនៅកន្លែងអគារពាណិជ្ជកម្មពិភពលោកទាំងពីរខ្នង បានដួលរំលំកាលពី ២ទសវត្សរ៍មុន ដោយសារតែត្រូវយន្តហោះដឹកអ្នកដំណើរ២គ្រឿង ដែលក្រុមភេរវករប្លន់ហើយជិះបំបុក ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន គឺលោក ចូ បៃដិន ព្រមទាំងអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា និងអតីតប្រធានាធិបតី លោក ប៊ីល គ្លីនតុន សុទ្ធតែបានចូលរួម។

ក្រោយមកលោក បៃដិន បានបន្តទៅកាន់កន្លែងគោរពវិញ្ញាណក្ខន្ធមួយទៀត ក្នុងក្រុងស៊ែងស្វៀល ខណៈមុនពេលលោកទៅដល់ អតីតប្រធានាធិបតី លោក ចច ដាប់ប៊ែលយូ ប៊ូស និងអនុប្រធានាធិបតីលោកស្រី ខាម៉ាឡា ហារីស បានថ្លែងសារក្នុងពិធីរំលឹកខួបនៅទីនោះ។ សម្រាប់ជាចុងក្រោយ លោក បៃដិន បានទៅកាន់កន្លែងគោរពវិញ្ញាណក្ខន្ធ នៅមន្ទីរបញ្ចកោណ ក្នុងរដ្ឋធានីវ៉ាស៉ីនតោន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១១ ក្រុមភេរវករចំនួន១៩នាក់ បានប្លន់យកយន្តហោះអ្នកដំណើរអាមេរិកចំនួន៤គ្រឿង ដែលផ្ទុកសាំងពេញៗ ដើម្បីបញ្ជាឲ្យហោះបំបុកនៅតាមគោលដៅខាងលើ។ ការវាយប្រហារភេរវកម្មដ៏កក្រើកនោះ បានផ្តាច់ជីវិតមនុស្ស សរុប២,៩៧៧នាក់ នៅទីក្រុងញូយ៉ក, ក្រុងស៊ែងស្វៀល និងរដ្ឋធានីវ៉ាស៉ីនតោន៕