(វ៉ាស៊ីនតោន)៖ នៅព្រឹកព្រលឹមថ្ងៃទី៣១ ខែសីហាកន្លងទៅ យន្ដហោះដឹកកងទ័ពអាមេរិកចុងក្រោយគេបំផុតបានហោះចេញពីអាកាសយានដ្ឋានកាប៊ុល ជានិមិត្តរូបនៃការបិទបញ្ចប់ជាផ្លូវការនូវសង្រ្គាមរយៈពេល ២០ឆ្នាំ ក្នុងប្រទេសអាហ្វហ្កានីស្ថាន ដែលជាសង្រ្គាមរុំារ៉ៃយូរបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។ នៅឆ្នាំ២០១១ អាមេរិកមានកងទ័ពរហូតដល់ទៅជិត ១០០,០០០នាក់ នៅទូទាំងមូលដ្ឋានទ័ពទាំង១០ ក្នុងប្រទេសអាហ្វហ្កានីស្ថាន រាប់ចាប់ពីមូលដ្ឋានទ័ព Bagram ដល់មូលដ្ឋានទ័ពក្នុងទីក្រុង Kandahar ហើយបើតាមមន្ទីរបញ្ចកោណ គិតជាសរុបកងទ័ពអាមេរិកច្រើនជាង ៨០០,០០០នាក់បានបម្រើការក្នុងសង្រ្គាម នៅអាហ្វហ្កានីស្ថាន។

បច្ចុប្បន្ន មិនមានកងទ័ពអាមេរិកណាម្នាក់ឈរជើងនៅអាហ្វហ្កានីស្ថានទៀតទេ រីឯប្រធានាធិបតីអាមេរិក លោក ចូ បៃដិនផ្ទាល់ថែមទាំងបានបញ្ជាក់ទៀតផងថា យុគសម័យ អាមេរិកធ្វើសង្រ្គាម ឬធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយធំដើម្បីជួយកសាង ឬក៏បង្កើតប្រទេសដៃបានបិទបញ្ចប់ហើយ។ ក្រោយការប្រកាសបែបនេះ មានសំណួរមួយដែលត្រូវបានគេចោទសួរថាតើនេះមានន័យថាអាមេរិកឈប់ញៀននឹងការធ្វើសង្រ្គាម នៅក្រៅប្រទេសហើយមែនឬ? ប៉ុន្តែ លោក បៃដិនក៏បាន អះអាងដែរថាកងទ័ពអាមេរិកនឹងនៅតែបន្តបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងសត្រូវ ហើយប្រតិបត្តិការនេះនឹងត្រូវធ្វើឡើងចេញពីមូលដ្ឋានទ័ព អាមេរិកនៅជុំវិញតំបន់មជ្ឈិមបូព៌ា។

*អាមេរិកមានមូលដ្ឋានទ័ព ៧៥០កន្លែងនៅជុំវិញពិភពលោក

បើតាមលោក David Vine ជាសាស្ត្រាចារ្យផ្នែកនយោបាយនរវិទ្យាមកពីសាកលវិទ្យាល័យ American University មានមូលដ្ឋានក្នុងទីក្រុង Washington, DC អាមេរិកមានមូលដ្ឋានជាង ៧៥០កន្លែង នៅតាមប្រទេសយ៉ាងហោច ៨០នៅជុំវិញពិភពលោកគិតត្រឹមខែកក្កដា ឆ្នាំ២០២១នេះ។ តែចំនួនមូលដ្ឋានទ័ពអាមេរិក អាចនឹងមានច្រើនជាងនេះ ដ្បិតមន្ទីរបញ្ចកោណមិនបានចេញផ្សាយទិន្នន័យពេញលេញឡើយ។

មូលដ្ឋានទ័ពអាមេរិកត្រូវបានបែងចែកជា២ គឺមូលដ្ឋានទ័ពខ្នាតធំ និងតូច។ មូលដ្ឋានទ័ពខ្នាតធំមានទំហំធំជាង ៤ហិកតាឡើងទៅ ហើយជាធម្មតាត្រូវចំណាយ ប្រាក់ច្រើនជាង ១០លានដុល្លារក្នុងការសាងសង់។ ចំណែកឯ មូលដ្ឋានទ័ពខ្នាតតូចមានទំហំតូចជាង ៤ហិកតា និងត្រូវចំណាយប្រាក់អស់តិចជាង ១០លានដុល្លារក្នុងការកសាង។ បើតាមទិន្នន័យនៃការដាក់ពង្រាយកងទ័ពនៅជុំវិញពិភពលោករបស់សហរដ្ឋអាមេរិកចេញផ្សាយដោយទស្សនាវដ្ដីវិទ្យាសាស្ត្រ គ្រប់គ្រងជម្លោះ និងសន្តិភាព អាមេរិកបានដាក់ពង្រាយកងទ័ពប្រមាណ ១៧៣,០០០នាក់ ទៅកាន់ប្រទេសចំនួន ១៥៩ គិតត្រឹមឆ្នាំ២០២០ ហើយប្រទេស ដែលមានវត្តមានកងទ័ពអាមេរិកឈរជើងច្រើនជាងគេនោះ គឺជប៉ុនមាន ៥៣,៧០០នាក់, អាល្លឺម៉ង់ ៣៣,៩០០នាក់ និងកូរ៉េខាងត្បូងមានកងទ័ពអាមេរិក កំពុងឈរជើង ២៦,៤០០នាក់។

*វត្តមានកងទ័ពអាមេរិកនៅមជ្ឈិមបូព៌ា

បើតាមវិទ្យាស្ថាន Watson Institute នៃសាកលវិទ្យាល័យ Brown University កងទ័ពអាមេរិកចន្លោះពី ១.៩ ដល់ ៣លាននាក់ធ្លាប់បានបម្រើការក្នុងសង្រ្គាមនៅ អាហ្វហ្កានីស្ថាន និងអ៉ីរ៉ាក់ចាប់តាំងពីឆ្នាំ២០០១មក។ មូលដ្ឋានទ័ពអាមេរិកធំជាងគេបំផុតក្នុងតំបន់មជ្ឈិមបូព៌ា គឺមូលដ្ឋានទ័ពអាកាស អាល់ អ៊ូដេត (Al Udeid) ស្ថិតនៅភាគខាងលិចទីក្រុងដូហា ប្រទេសកាតា។ មូលដ្ឋានទ័ពអាកាស Al Udeid ដែលមានទំហំ ២៤ហិកតា និងអាចផ្ទុកយន្ដហោះចម្បាំង រួមទាំងយន្ដដ្រូន ជិត១០០គ្រឿង ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ដោយទទួលកងទ័ពអាមេរិក និងកងទ័ពនៃក្រុមចំរុះអន្តរជាតិដឹកនាំដោយអាមេរិក ១១,០០០នាក់ ឱ្យឈរជើង។

វត្តមានកងទ័ពអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា ត្រូវបានបង្កើនតាមរយៈការធ្វើសង្រ្គាមចូលកម្ទេចតាលីបង់ និងអាល់កៃដាក្នុងប្រទេសអាហ្វហ្កានីស្ថាន កាលពីឆ្នាំ២០០១ និងសង្រ្គាមនៅអ៉ីរ៉ាក់ក្នុងឆ្នាំ ២០០៣ ដោយកាលណោះ រដ្ឋបាលអតីតប្រធានាធិបតី ចច ដាប់ប៊ែល យូប៊ូស ចោទអ៉ឺរ៉ាក់របស់សាដាំ ហូសេន មានអាវុធនុយក្លេអ៊ែរ។ កងទ័ពអាមេរិក ១៧០,០០០នាក់ បានឈរជើងនៅអ៉ីរ៉ាក់កាលពីឆ្នាំ២០០៧ ហើយបច្ចុប្បន្នមកនៅត្រឹម ២,៥០០នាក់។

*វត្តមានកងទ័ពអាមេរិក នៅជប៉ុន និងកូរ៉េខាងត្បូង

សហរដ្ឋអាមេរិកបានដាក់មូលដ្ឋានទ័ពនៅក្នុងប្រទេសជប៉ុន ចាប់តាំងពីសង្រ្គាមលោកលើកទី២ បញ្ចប់នៅឆ្នាំ១៩៤៥មកម្ល៉េះ និងនៅកូរ៉េខាងត្បូងចាប់តាំងពី សង្រ្គាមកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣។ កងទ័ពអាមេរិក ៥៣,៧០០នាក់ ត្រូវដាក់ឱ្យឈរជើងនៅជប៉ុន និងនៅកូរ៉េខាងត្បូង ២៦,៤០០នាក់។ មូលដ្ឋានទ័ព នៅកូរ៉េខាងត្បូងមានឈ្មោះថា Camp Humphreys គឺជាមូលដ្ឋានទ័ពអាមេរិកធំបំផុតនៅក្រៅប្រទេសដោយលាតសន្ធឹកលើទំហំ ១,៣៩៨ហិកតា។ មូលដ្ឋានទ័ពនេះស្ថិតនៅចម្ងាយ ៦៥គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងសេអ៊ូល។

*វត្តមានកងទ័ពអាមេរិកនៅអឺរ៉ុប

កងទ័ពអាមេរិកយ៉ាងហោច ៦០,០០០នាក់កំពុងឈរជើងនៅក្នុងតំបន់អឺរ៉ុប ហើយក្នុងនោះមាន ៣៣,៩០០នាក់ឈរជើងនៅអាល្លឺម៉ង់ដែលជាប្រទេស មានវត្តមានកងទ័ពអាមេរិកច្រើនជាងគេនៅអឺរ៉ុប និងជាប់លេខ២ នៅលើពិភពលោក ខណៈកងទ័ពអាមេរិក ១២,៣០០នាក់កំពុងឈរជើងនៅអ៉ីតាលី និង ៩,៣០០នាក់ នៅចក្រភពអង់គ្លេស។ ដំបូងឡើយកងទ័ពអាមេរិកឈរជើងនៅអាល្លឺម៉ង់ មានចំនួន ៧២,៤០០នាក់ តែចំនួននេះត្រូវបានកាត់បន្ថយ មកនៅត្រឹម ៣៣,៩០០នាក់ នៅឆ្នាំ២០២០។ លាតសន្ធឹងលើទំហំ ១,២០០ហិកតា មូលដ្ឋានទ័ពអាកាស Ramstein គឺជាមូលដ្ឋានទ័ពធំបំផុតនៅក្នុងប្រទេសអាល្លឺម៉ង់ ដែលកងទ័ពអាមេរិកកំពុងឈរជើងក្នុងតំបន់អឺរ៉ុប។

*វត្តមានកងទ័ពអាមេរិកក្នុងតំបន់អាមេរិកឡាទីន

មានទីតាំងស្ថិតនៅចុងភាគខាងកើតបំផុតនៃប្រទេសគុយបា, មូលដ្ឋានទ័ពជើងទឹក Guantanamo Bay គឺជាមូលដ្ឋានទ័ពនៅក្រៅប្រទេសដ៏ចំណាស់បំផុតមួយ របស់សហរដ្ឋអាមេរិក។ មូលដ្ឋានទ័ពនេះមានផ្ទៃ ១១៦គីឡូម៉ែត្រក្រឡា ហើយបានធ្លាក់ចូលក្រោមការគ្រប់គ្រងរបស់ដ្ឋអាមេរិក ចាប់តាំងពីចុងស.វទី១៩មក។ តែគុយបាបានអះអាងថាមូលដ្ឋានទ័ពជើងទឹក Guantanamo ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនដែលអាមេរិកបានដណ្ដើមយកដោយយោធាកាលពីឆ្នាំ១៨៩៨ និងបានធ្លាក់ចូលក្នុងដៃអាមេរិកជាអចិន្ត្រៃយ៍នៅឆ្នាំ១៩០៣។

*ការដាក់ពង្រាយកងទ័ពអាមេរិកតាំងពីឆ្នាំ១៩៥០

អស់រយៈពេលជាង ៧០ឆ្នាំមកនេះ កងទ័ពអាមេរិកត្រូវបានដាក់ពង្រាយទៅកាក់បណ្ដាប្រទេស និងដែនដីច្រើនជាង ២០០ ហើយការដាក់ពង្រាយនេះកើន ឡើងជាលំដាប់ ក្រោយសង្រ្គាមលោកលើកទី២៖

- ឆ្នាំ១៩៥០-១៩៥៣៖ ក្រោយជប៉ុនយល់ព្រមចុះចាញ់សង្រ្គាមលោកលើកទី២ សហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតបានពុះចែកកូរ៉េជាពីរចំណែក នោះគឺ កូរ៉េខាងត្បូង និងកូរ៉េខាងជើង តាមបណ្ដោយខ្សែស្របទី៣៨។ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០, កងទ័ពកូរ៉េខាងជើងគាំទ្រដោយចិន និងសូវៀតបានលើកទ័ព ចូលឈ្លានពានកូរ៉េខាងត្បូង ដោយបង្កទៅជាសង្រ្គាមកូរ៉េ។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានលើកទ័ពធ្វើអន្តរាគមន៍យោធាជួយរំដោះកូរ៉េខាងត្បូងដោយបាន ដាក់ពង្រាយកងទ័ពជិត ១.៧៨លាននាក់ នៅក្នុងសង្រ្គាមមានរយៈពេល ៣ឆ្នាំនេះ។ ជនស៊ីវិលចន្លោះពី ២ ទៅ៣លាននាក់បានស្លាប់ក្នុងសង្រ្គាមកូរ៉េ ហើយបើ តាមក្រសួងការពារជាតិអាមេរិក កងទ័ពអាមេរិក ៣៣,៧៣៩នាក់បានស្លាប់ តែមកទល់បច្ចុប្បន្ន ឧបទ្វីបកូរ៉េនៅតែស្ថិតនៅក្នុងស្ថានភាពសង្រ្គាម ព្រោះកូរ៉េទាំង២ មិនទាន់បានចុះសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្រ្គាមជាផ្លូវការទេ។

- ឆ្នាំ១៩៥៥-ឆ្នាំ១៩៧៥៖ ក្រោយសង្រ្គាមកូរ៉េ, ភាពតានតឹងរវាងអាមេរិក និងសូវៀតកាន់តែឡើងកាន់កម្ដៅ ហើយការប្រជែងមនោគមន៍វិជ្ជារវាងមហាអំណាច ទាំង២ បានសាយភាពទៅដល់តំបន់អាស៊ីអាគ្នេយ៍ ក្នុងទសវត្សរឆ្នាំ១៩៥០ និង១៩៦០ ដោយចាប់ផ្ដើមមុនគេចេញពីសង្រ្គាមវៀតណាម រហូតដល់ធ្លាយ ចូលទឹកដីខ្មែរ និងឡាវ ផងដែរ។ គិតជាសរុប កងទ័ពអាមេរិក ៣.៤លាននាក់ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់អាស៊ីអាគ្នេយ៍ រីឯមនុស្សជាង ៣លាននាក់ ក្នុងនោះមានកងទ័ពអាមេរិក ៥៨,០០០នាក់បានស្លាប់។

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៧៣, កងទ័ពអាមេរិកចុងក្រោយគេបំផុតបានចាកចេញពីវៀតណាម ហើយពីរឆ្នាំក្រោយទៀតគឺនៅខែថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ វៀតណាមខាងត្បូងបានធ្លាក់ចូលដៃវៀតណាមខាងជើងទាំងស្រុង បិទបញ្ចប់សង្រ្គាមវៀតណាម។ តែជ័យជម្នះរបស់ប្លុកកម្មុយនីស្ដនៅឥណ្ឌូចិន បានបង្កសោកនាដកម្មយ៉ាងព្រៃផ្សៃ តួយ៉ាងដូចជាការលេចឡើងនូវរបបខ្មែរក្រហមនៅកម្ពុជា។

-១៩៩០-១៩៩១៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ១៩៩០, កងទ័ពអ៉ីរ៉ាក់បានឈ្លានពានចូលកូវ៉ែត។ មួយសប្ដាហ៍ក្រោយមក គឺនៅថ្ងៃទី០៩ ខែសីហា ឆ្នាំដដែល សហរដ្ឋអាមេរិកបានចាប់ផ្ដើមបើកប្រតិបត្តិការយោធាឈ្មោះ Operation Desert Shield និងបានដាក់ពង្រាយកងទ័ពរាប់ពាន់នាក់ទៅកាន់អារ៉ាប៊ីសាអូឌីត ដើម្បីធ្វើអន្តរាគមន៍ចូលជួយកូវ៉ែត។ អំឡុងសង្រ្គាមដ៏ខ្លីនេះ កងទ័ពអាមេរិក ៦៩៤,៥៥០នាក់ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់មជ្ឈិមបូព៌ា។ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៩១, អតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស បានប្រកាសបទឈប់បាញ់ ហើយរហូតដល់នៅថ្ងៃទី៣ ខែមេសា ឆ្នាំដដែល ទើបអង្គការសហប្រជាជាតិបានអនុម័តដំណោះស្រាយមួយបិទបញ្ចប់សង្រ្គាមជាផ្លូវការ។

-២០០១-២០២១៖ ក្រោយការវាយប្រហារភេរវកម្មលើទីក្រុងញូយ៉ក និងវ៉ាស៊ីនតោន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១, សហរដ្ឋអាមេរិកបានប្រកាសធ្វើសង្រ្គាម ធំពីរ គឺលើអាហ្វហ្កានីស្ថាននៅឆ្នាំ២០០១ និងលើអ៉ីរ៉ាក់របស់សាដំា ហូសេន នៅឆ្នាំ២០០៣ ដែលក្នុងសង្រ្គាមទាំងពីរនេះ គេចាប់ផ្ដើមមើលឃើញពីការកើនឡើង នៃចំនួនកងទ័ពអាមេរិកនៅបរទេស។ យ៉ាងហោចកងទ័ពអាមេរិក ៨០០,០០០នាក់ បានបម្រើការនៅអាហ្វហ្កានីស្ថាន និងច្រើនជាង ១.៥លាននាក់នៅអ៉ីរ៉ាក់ ក្នុងរយៈពេល ២០ឆ្នាំមកនេះ។ សង្រ្គាមទាំង២នេះត្រូវបានគេប៉ាន់ប្រមាណថាបានផ្ដាច់ជីវិតប្រជាជនស៊ីវិលច្រើនជាង ៩០០,០០០នាក់។

*ការចំណាយរបស់កងទ័ពអាមេរិកចាប់តាំងពីឆ្នាំ១៩៥០

ក្នុងឆ្នាំ២០២០, សហរដ្ឋអាមេរិកបានចំណាយថវិកា ៧៧៨ពាន់លានដុល្លារលើយោធារបស់ខ្លួន ដែលនេះជាកញ្ចប់ថវិកាយោធាធំបំផុតនៅលើពិភពលោក ឬច្រើនជាងកញ្ចប់ថវិកាយោធារបស់ប្រទេសចំនួន ១០បូកបញ្ចូលគ្នាទៅទៀត។ នេះបើតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល (SIPRI)។ និយាយ ពីរឿងកញ្ចប់ថវិកាយោធានេះដែរ ចិន គឺជាប់ចំណាប់ថ្នាក់លេខ២ ជាមួយកញ្ចប់ថវិកាយោធា ២៥២ពាន់លានដុល្លារ, ឥណ្ឌា ៧៣ពាន់លានដុល្លារ, រុស្ស៊ី ៦២ពាន់លានដុល្លារ និងអង់គ្លេសមានកញ្ចប់ថវិកាយោធា ៥៩ពាន់លានដុល្លារ។

ដោយឡែក គម្រោង Costs of War របស់សាកលវិទ្យាល័យ Brown University ក៏បានឱ្យដឹងដែរថាគ្រាន់តែក្នុងរយៈពេល ២០ឆ្នាំមកនេះ, សហរដ្ឋអាមេរិក បានចាយលុយអស់ ៨ទ្រីលានដុល្លារ លើសង្រ្គាមប្រឆាំងភេរវកម្មនៅជុំវិញពិភពលោក ហើយគ្រាន់តែនៅអាហ្វហ្កានីស្ថានតែមួយគត់ អាមេរិកជះលុយអស់ ២.៣ ទ្រីលានដុល្លារ ឬស្មើនឹងប្រហាក់ប្រហែលជាត្រូវចាយអស់ជាង ៣០០លានដុល្លារក្នុងមួយថ្ងៃ សម្រាប់រយៈពេល ២០ឆ្នាំ។

ចំណែកឯ ២.១ទ្រីលានដុល្លារ ផ្សេងទៀត ត្រូវបានចំណាយលើសង្រ្គាមនៅអ៉ីរ៉ាក់ និងស៊ីរី ហើយ ៣៥៥ពាន់លានដុល្លារ ត្រូវបានចាយវាយទៅលើសង្រ្គាម ឬប្រតិបត្តិការយោធាដទៃរបស់អាមេរិក ខណៈលុយដែលនៅសល់ ក្នុងនោះរួមបញ្ចូលទាំង «ការប្រាក់» លើស ១ពាន់លានដុល្លារនៃលុយដ៏ច្រើនសន្ធឹកសន្ធាប់ ដែលអាមេរិកបានខ្ចីគេ យកទៅផ្គត់ផ្គង់ដល់ការធ្វើសង្រ្គាម រួមទាំងលុយច្រើនជាង ២.២ពាន់លានដុល្លារ ដែលជាលុយកាត្វកិច្ចត្រូវផ្ដល់ជូនសម្រាប់ការថែទាំ អតីតយុទ្ធជន សម្រាប់រយៈពេល ៣០ឆ្នាំ។ នេះមានន័យថាទោះជា អាមេរិកបញ្ចប់សង្រ្គាមនៅអាហ្វហ្កានីស្ថានក៏ដោយ ក៏អាមេរិកនៅតែត្រូវបន្តចាយលុយលើ សង្រ្គាម ក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀតដដែល៕

ប្រភព៖ Al Jazeera (ថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១)