(ប៉េកាំង)៖ ស្របពេលដែលពិភពលោកកំពុងរួមដៃគ្នា ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺរាតត្បាតសកលកូវីដ១៩ ដើម្បីការពារសុខុមាលភាពសាធារណៈ និងប្រជាជន របស់ខ្លួននោះ ប្រទេសចិនក៏បានក្លាយជាប្រទេសមួយដើរតួនាទីដ៏សំខាន់នៅក្នុងតំបន់អាស៊ាននិងពិភពលោកលើគ្រប់វិស័យទាំងផ្នែកការទូត ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគជាដើម ជាពិសេសការស្ដារទ្បើងវិញដោយសារផលប៉ះពាល់សេដ្ឋកិច្ចក្នុងអំទ្បុងពេលកូវីដ និងក្រោយវិបត្តិកូវីដ១៩នេះ។

ប្រទេសចិន បានក្លាយជាប្រទេសមួយដែលបង្ការទប់ស្កាត់ និងចាក់វ៉ាក់សាំងបានលឿនរហ័សដល់ពលរដ្ឋរបស់ខ្លួនប្រមាណមួយពាន់លាននាក់ប្រកបដោយភាពជោគជ័យ ក្រៅពីការគិតគូរដល់សុខទុក្ខពលរដ្ឋខ្លួននោះ ចិនបានគិតដល់សុខភាពសាធារណលើពិភពលោក ជាពិសេសប្រទេសកម្ពុជា ចិនបានផ្ដល់វ៉ាក់សាំងទាំងជំនួយ និងការបញ្ជាទិញបានទាន់ពេលវេលាដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលកុំអោយមានអត្រាស្លាប់ និងឆ្លងច្រើន។

យ៉ាងណាមិញ បើនិយាយអំពីវ៉ាក់សាំងរបស់ចិន បានរួមចំណែកដ៏សំខាន់ជួយឱ្យកម្ពុជាសម្រេចនូវផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុ ១២ឆ្នាំឡើង ប្រមាណជា ១២លាននាក់បានសម្រេចមុនផែនការ។ វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិននៅកម្ពុជា បានបង្ហាញច្បាស់ពីស្មារតីនៃមិត្តភាពដែកថែបរវាងចិន និងកម្ពុជាដែលជា ស្មារតីជួយជ្រោមជ្រែងគ្នារាល់ការលំបាកជាពិសេសការយោយីដោយជំងឺកូវីដ១៩នេះ។ នេះសបញ្ជាក់បានឃើញនូវស្មារតីចូលរួមដ៏ខ្លាំងក្លារបស់ចិន ក្នុងការជួយប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានទាន់ពេលវេលាផងដែរ។

តាមរយះចំណងមិត្តភាពមិត្តដែកថែប គឺជាមិត្តដែលមិនអាចខ្វះគ្នា គឺតែងតែជួយគ្នាក្នុងគ្រាមានទុក្ខលំបាកជានិច្ចនោះ វត្តមានដ៏សំខាន់របស់រដ្ឋមន្ត្រីការបទេស សាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជារយៈពេល ២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។

បើតាមការបង្ហើបឱ្យដឹងពីមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាថា អំឡុងបំពេញទស្សនកិច្ចផ្លូវការនេះសម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក វ៉ាង យី នឹងអញ្ជើញជាអធិបតីភាពក្នុងធ្វើពិធីប្រកាសប្រគល់ និងទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលប្រទេសចិនបានផ្តល់ជំនួយក្នុងការសាងសង់ជូនដល់ប្រទេសកម្ពុជា ដែលពិធីនេះនឹងធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ ប្រសិនបើគ្មានការកែប្រែទេនោះ។

សូមរំលឹកផងដែរថាតាមរយះកិច្ចសហប្រតិបិត្តការគ្រប់ជ្រុងជ្រោយរបស់ភាគីទាំងពីរ ប្រទេសចិនបានជួយសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោដល់កម្ពុជាដើម្បីត្រៀម ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ពហុកីទ្បដ្ឋានមរតតោជា បានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ដោយគ្រោងចំណាយថវិកាសាងសង់ចន្លោះពី ១០០លាន ទៅ ២០០លានដុល្លារអាមេរិក ដែលថវិកាមួយភាគធំជាជំនួយឥតសំណងរបស់ រដ្ឋាភិបាលចិន។

ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន បានសាងសង់រួចរាល់ទាំងស្រុង កាលពីចុងខែសីហា កន្លងទៅនេះ។ ពហុកីឡដ្ឋានជាតិ មរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានចម្ងាយ ១២ គីឡូម៉ែត្រ ពីវត្តភ្នំ សាងសង់លើផ្ទៃដីទំហំជាង ៨៥ ហិកតា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលបានចេញផ្សាយកាលពីថ្ងៃទី ១០ កញ្ញាបានឪ្យដឹងថា៖ ឯកឧត្តម វ៉ាង យី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានអាហារការងារពេលព្រឹក ជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។

លោក វ៉ាង យី នឹងអញ្ជើញមានជំនួបទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពាណិជ្ជកម្មនិងការវិនិយោគ ការអប់រំ សន្តិសុខនិងការពារជាតិ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ។

ទស្សនកិច្ចរបស់ លោក វ៉ាង យី មកកាន់កម្ពុជា ធ្វើឡើងបន្ទាប់ពីប្រមុខការទូតរូបនេះបានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ហើយបន្ទាប់ពីបញ្ចប់ការបំពេញ ទស្សនកិច្ចនៅកម្ពុជា លោក វ៉ាង យី នឹងបន្តទស្សនកិច្ចទៅប្រទេសផ្សេងៗទៀត។ ទស្សនកិច្ចរបស់លោកមិនមែនជាលើកទីមួយ នោះទេដែលមកកាន់កម្ពុជានេះ កាលពីឆ្នាំ២០២០ កន្លងទៅ លោក វ៉ាង យី ក៏ធ្លាប់បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃកាលពីឆ្នាំ២០២០ ដើម្បីចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងឯកសារ៣ទៀត ក៏ដូចជាពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាមួយកម្ពុជាផងដែរ។

ដំណើទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិនមកកាន់កម្ពុជានៅឆ្នាំ២០២១នេះ ក៏កាន់តែកៀកពេលវេលាដែលកម្ពុជាកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះនៃប្រធានអាស៊ាន នៅឆ្នាំ២០២២ខាងមុខផងដែរ។ ទាក់ទិនទៅនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិនមកកាន់កម្ពុជានេះ គឺស្របតាមការប្ដេជ្ញារបស់មិត្តចិនដែលតែងតែគាំទ្រ
យ៉ាងពេញទំហឹងនូវការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការជាប្រយោជន៍ទ្វេភាគីជាមួយប្រទេសក្នុងតំបន់ ជាពិសេសគឺប្រទេសកម្ពុជា ដែលភាគីទាំងពីរបានចាត់ទុកគ្នាជាមិត្តដែកថែប បើទោះបីស្ថិតនៅក្នុងវិបត្តិកូវីដ១៩ ក៏ដោយ ក៏ពុំមែនជាឧបសគ្គរារាំងដល់ការអភិវឌ្ឍភាព រីកចម្រើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា-ចិនទ្បើយ៕

អត្ថបទ៖ សុភ័ក្រ្ត