(វ៉ាស៉ីនតោន)៖ ក្រុមអ្នកសាធារណរដ្ឋ និងក្រុមសេរីនិយម បានប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការដាក់ចេញ កាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ដែលបានគ្របដណ្តប់លើក្រុមហ៊ុនធំៗ បុគ្គលិកថែទាំសុខភាព និងបុគ្គលិកសហព័ន្ធ ដើម្បីទប់ទល់វីរុសបំប្លែងខ្លួន Delta បានឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស នៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១។

កាតព្វកិច្ចចាក់វ៉ាក់សាំង ដែលសេតវិមានបាននិយាយថា នឹងគ្របដណ្តប់លើអ្នកបម្រើការងារនៅអាមេរិកប្រហែល ១០០លាននាក់ និងអនុវត្តចំពោះប្រហែល ២ ភាគ ៣ នៃនិយោជិកអាមេរិកទាំងអស់ ត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយរដ្ឋបាលសុវត្ថិភាព និងសុខភាពការងារ (OSHA) នៃក្រសួងការងារអាមេរិក។ យ៉ាងណាក៏ដោយ ប៉ុន្មានម៉ោងក្រោយការប្រកាសពីកាតព្វកិច្ចចាក់វ៉ាក់សាំង អ្នកតំណាងរាស្រ្ត អភិបាលរដ្ឋ និងមន្រ្តីគណបក្សសាធារណរដ្ឋ មួយចំនួនបានប្ដេជ្ញាថា នឹងប្រយុទ្ធប្រឆាំងដាច់ខាតចំពោះវិធានការថ្មីនេះ។

ប្រធានគណៈកម្មាធិការជាតិសាធារណរដ្ឋ លោក រ៉ុនណា ម៉ាកដានីញែល (Ronna McDaniel) បានថ្លែងថា «នៅពេលច្បាប់នេះចូលជាធរមាន… គណៈកម្មាធិការជាតិសាធារណរដ្ឋ នឹងដាក់ពាក្យប្តឹងរដ្ឋបាលលោក បៃដិន ដើម្បីការពារជនជាតិអាមេរិក និងសិទ្ធិសេរីភាពរបស់ពួកគេ»

ដោយឡែកក្រុមសេរីនិយមក៏បានថ្លែងផងដែរថា «ផែនការត្រួសត្រាយរកផ្លូវចេញ ពីជំងឺឆ្លងរាតត្បាតរបស់រដ្ឋបាលលោក បៃដិន គឺធ្វើហួសពីអំណាចដែលរដ្ឋធម្មនុញ្ញអាមេរិក ផ្តល់ឱ្យដល់ផ្នែកប្រតិបត្តិហើយ។ រដ្ឋាភិបាលសហព័ន្ធ គ្មានសិទ្ធិអំណាចបង្ខំនិយោជកឯកជន ឱ្យអនុវត្តកាតព្វកិច្ចចាក់វ៉ាក់សាំងឡើយ»

ជុំវិញបញ្ហាខាងលើ នៅពេលត្រូវបានសាកសួរនៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) អំពីបញ្ហាប្រឈមផ្នែកច្បាប់ដែលអាចកើតមានឡើង លោក ចូ បៃដិន បានបកស្រាយថា «សូមទទួលយកវា។ ខ្ញុំមានការខកចិត្តយ៉ាងខ្លាំង ដោយសារតែអភិបាលរដ្ឋមួយចំនួន មកពីគណបក្សសាធារណរដ្ឋ មានការព្រងើយកន្តើយជាមួយសុខុមាលភាពកុមារ និងសហគមន៍របស់ពួកគេ»

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ជំងឺ COVID-19 បានសម្លាប់មនុស្សជាង ៦៧៧,០០០នាក់ហើយនៅសហរដ្ឋអាមេរិក ហើយការស្លាប់ និងការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏បាននិងកំពុងកើនឡើងវិញយ៉ាងខ្លាំងផងដែរ ដោយសារវីរុសបំប្លែងខ្លួន Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស បានឆ្លងរីករាលដាលនៅទូទាំងប្រទេសហើយ ដែលភាគច្រើននៃអ្នកទាំងនោះ មិនទាន់បានទទួលការចាក់វ៉ាក់សាំងឡើយ៕