(កូប៉ិនហាក)៖ នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំទ្វីបអឺរ៉ុប លោក ហានស៍ ក្លាហ្គ (Hans Kluge) នៅថ្ងៃសុក្រសប្ដាហ៍នេះបានបង្ហាញពី គំនិតទុទិដ្ឋិនិយមលើសមត្ថភាពរបស់វ៉ាក់សាំង ក្នុងការលុបបំបាត់ជំងឺឆ្លងរាតត្បាតសកល COVID-19 ខណៈវីរុសបំប្លែងថ្មីកំពុងបំផ្លាញក្ដីសង្ឃឹម នៃបង្កើតប្រព័ន្ធភាពសុំាសមូហភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១។

លោក Hans Kluge ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានមួយដោយបន្ថែមថា ពិភពលោកអាចនឹងបន្តរស់នៅជាមួយ COVID-19 ជាច្រើនឆ្នាំទៅមុខទៀត ហើយក្រុមមន្ត្រីសុខាភិបាលនានា កំពុងកែប្រែយុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់ពួកគេឡើងវិញ ក្នុងនោះរួមមានទាំងការចាក់ដូសជំរុញ ឬដូសទី ៣ ផងដែរ។

កាលពីខែឧសភាកន្លងទៅ លោក Hans Kluge ផ្ទាល់ក៏ធ្លាប់បានលើកឡើងផងដែរថា ការឆ្លងរាលដាល COVID-19 នឹងត្រូវបានបិទបញ្ចប់នៅពេលដែលពិភពលោក សម្រេចបាននូវប្រព័ន្ធភាពសុំាជាសមូហភាពយ៉ាងតិច ៧០ភាគរយ តាមរយៈការចាក់វ៉ាក់សាំង។ តែនៅពេលត្រូវបានសាកសួរជាថ្មីដោយអ្នកសារព័ត៌មានថា តើតួលេខនេះនៅតែស្ថិតនៅក្រោមគោលដៅ ឬក៏ថាតើមនុស្សម្នាបន្ថែមទៀត ចាំបាច់ចាក់វ៉ាក់សាំងដែរ ឬក៏យ៉ាងណា? លោក Kluge បានទទួលស្គាល់ថា ស្ថានភាពបច្ចុប្បន្នបានផ្លាស់ប្ដូរទៅហើយ ដោយសារតែការឆ្លងរាលដាលនៃវីរុស COVID-19 បំប្លែងថ្មីដូចជា Delta ជាដើម។

តែទោះជាបែបនេះក្ដី លោក Hans Kluge នៅតែជំរុញឱ្យប្រជាជន ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការ COVID-19 ប្រញាប់ប្រញាលនាំគ្នាទៅចាក់វ៉ាក់សាំងដដែល ព្រោះវានៅតែជាមធ្យោបាយមួយដ៏ល្អ ក្នុងការទប់ស្កាត់កុំឱ្យវីរុសបំប្លែងថ្មីបន្តកើនឡើងតទៅទៀត ហើយក៏អាចជួយសម្រាលបន្ទុករបស់ក្រុមមន្ត្រីសុខាភិបាល ដែលកំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងវីរុសមួយនេះផងដែរ៕