(កាប៊ុល)៖ ជើងហោះហើរដឹកអ្នកដំណើរទី២ របស់ក្រុមហ៊ុនអាកាសចរណ៍កាតាអ៊ែរវ៉េ ដែលបានមកដល់ប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃសុក្រនេះ ឥឡូវនេះបានចាកចេញពីអាកាសយានដ្ឋានកាប៊ុលហើយ មួយថ្ងៃបន្ទាប់ពីជនជាតិបរទេសជាង១០០ នាក់បានចាកចេញ តាមយន្តហោះមួយទៀតដោយមានការយល់ព្រមពីតាលីបង់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។

បច្ចុប្បន្នមិនទាន់ដឹងច្បាស់ទេថា តើមានអ្នកដំណើរប៉ុន្មាននាក់នៅលើយន្តហោះ និងមានសញ្ជាតិអ្វីខ្លះនោះទេ។

យន្ដហោះនេះត្រូវបានគេឃើញចុះចតនៅអាកាសយានដ្ឋានអន្តរជាតិហាមីដកាហ្សៃ នៃទីក្រុងកាប៊ុល តាមទូរទស្សន៍ Al Jazeera ជាភាសាអារ៉ាប់របស់កាតា ហើយជំនួយត្រូវបានគេជញ្ជូនចេញយន្តហោះ មុនពេលអ្នកដំណើរឡើងយន្តហោះនោះ។

គួរបញ្ជាក់ថា នេះគឺជាជើងហោះហើរទី២ ដែលបានចាកចេញពីអាកាសយានដ្ឋានកាប៊ុល។ កាលពីថ្ងៃព្រហស្បតិ៍ ជើងហោះហើរអ្នកដំណើរអន្តរជាតិដំបូងគេដែលចេញដំណើរពីអាហ្វហ្គានីស្ថាន ចាប់តាំងពីយន្តហោះយោធាអាមេរិកកាលពីខែមុន បានចុះចតនៅប្រទេសកាតា ដោយដឹកជនជាតិបរទេសជាច្រើនរួមទាំងជនជាតិអាមេរិកផងដែរ៕