(ហ្សាការតា)៖ ប៉ូលិសឥណ្ឌូណេស៊ី នៅថ្ងៃសុក្រនេះបានចាប់ខ្លួនជនសង្ស័យភេរវករចំនួន ០៣នាក់នៅក្នុងប្រតិបត្តិការដាច់ដោយឡែកពីគ្នា ក្នុងទីក្រុងហ្សាការតា និងទីក្រុងបេកាស៉ី (Bekasi) នៃខេត្តជ្វាខាងលិច (West Java)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១។

អ្នកនាំពាក្យប៉ូលិសជាតិឥណ្ឌូណេស៉ី លោក អះម៉ាត់ រ៉ាម៉ាដហាន (Ahmad Ramadhan) បាននិយាយថាជនសង្ស័យទាំងនេះត្រូវបានចោទប្រកាន់ថាមានជាប់ទាក់ទង ជាមួយក្រុមភេរវករ ចេម៉ាអាហ៍ អ៊ីស្លាមីយ៉ាហ៍ (Jemaah Islamiyah ឬ JI) ដែលមានទំនាក់ទំនងជាមួយក្រុមឧទ្ទាមអាល់កៃដា (Al-Qaeda)។ លោក Ahmad Ramadhan បានបន្ថែមថាការស៊ើបអង្កេតបន្ថែម កំពុងតែដំណើរការហើយ។

គួរបញ្ជាក់ថា ក្រុមភេរវករ JI បានស្ថិតនៅពីក្រោយការបំផ្ទុះគ្រាប់បែកនៅកោះបាលី (Bali) កាលពីឆ្នាំ២០០២កន្លងទៅនេះ ដែលបានសម្លាប់មនុស្សជាង ២០០នាក់នៅលើកោះនោះ។ ក្រុមនេះត្រូវបានប្រកាសថាជាអង្គការខុសច្បាប់នៅឆ្នាំ២០១៨៕