(ព្យុងយ៉ាង)៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅគោរពវិញ្ញាណក្ខន្ធលោក គីម អ៉ីលស៊ុង ដែលជីតារបស់លោក និងជាបិតាស្ថាបនិកកូរ៉េខាងជើង ព្រមទាំងលោក គីម ជុងអ៉ីល ដែលឪពុករបស់លោក នាឱកាសខួបទី៧៣ នៃការបង្កើតប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap នៅថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១។

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះ បានរាយការណ៍ថា លោក គីម ជុងអ៊ុន និងភរិយាគឺលោកស្រី រី សុលជូ ព្រមទាំងក្រុមមន្រ្តីជាច្រើនរូបទៀត បានធ្វើទស្សនកិច្ចទៅកាន់វិមានព្រះអាទិត្យ ឃុមស៊ូសាន (Kumsusan) ដែលជាកន្លែងតម្កល់សាកសពរបស់ អតីតប្រមុខដឹកនាំទាំងពីរ។

គួរបញ្ជាក់ថា ការគោរពវិញ្ញាណក្ខន្ធខាងលើ បានប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅពេលកូរ៉េខាងជើង អបអរខួបទី៧៣ នៃការបង្កើតប្រទេសរបស់ខ្លួន។ នាឱកាសនោះ កូរ៉េខាងជើងក៏បានប្រារព្ធពិធីព្យុហយាត្រាយោធាផងដែរ ប៉ុន្តែមិនមានការបង្ហាញ គ្រឿងសព្វាវុធអ្វីឡើយ៕