(ម៉ិចស៉ីកូ-ស៉ីធី)៖ បើតាមក្រសួងការបរទេសម៉ិចស៉ីកូ សារលិខិតរបស់ប្រធានាធិបតីម៉ិចស៉ីកូ លោក អាន់ដ្រេស ម៉ានូអែល ឡូប៉េស អូប្រាឌ័រ (Andres Manuel Lopez Obrador) លើកឡើងពីតម្រូវការសម្រាប់យុទ្ធសាស្ត្រថ្មី ដើម្បីដោះស្រាយបញ្ហាជនចំណាកស្រុក ដែលគ្មានឯកសារត្រឹមត្រូវនោះ ត្រូវបានផ្ញើជូនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន រួចហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១។

ក្រសួងការបរទេសម៉ិចស៉ីកូបានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សារលិខិតនេះត្រូវបានបញ្ជូនទៅកាន់រដ្ឋបាលលោក ចូ បៃដិន ដោយរដ្ឋមន្ត្រីការបរទេសម៉ិចស៉ីកូ លោក ម៉ាសេឡូ អេប្រាដ (Marcelo Ebrard) ក្នុងអំឡុងកិច្ចប្រជុំទេ្វភាគីជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) នៅសេតវិមាន មុនពេលចាប់ផ្តើមបន្តកិច្ចសន្ទនាសេដ្ឋកិច្ចកម្រិតខ្ពស់ «អាមេរិក-ម៉ិចស៉ីកូ» ឡើងវិញ បន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេល ០៥ឆ្នាំ។

នៅក្នុងសារលិខិតនេះ លោក Lopez Obrador បានគូសបញ្ជាក់អំពី «តម្រូវការឲ្យមានវិធីសាស្រ្តថ្មី ដើម្បីដោះស្រាយបញ្ហាចំណាកស្រុក ពីតំបន់អាមេរិកកណ្តាល»។ ប្រមុខការទូតមិចស៊ីកូរូបនេះ បានសង្កត់ធ្ងន់ថា លោកពេញចិត្តចំពោះវិធីសាស្រ្តមួយ ដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍ និងឱកាសនៅក្នុងតំបន់ ដែលជាប្រភពនៃការធ្វើចំណាកស្រុកច្រើន។

ក្រសួងការបរទេសម៉ិចស៉ីកូ បានគូសបញ្ជាក់បន្ថែមថា «ភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីឆន្ទៈ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាសំខាន់ៗ នៃទំនាក់ទំនងទ្វេភាគី នៅក្នុងកិច្ចប្រជុំនេះ»។ គណៈប្រតិភូម៉ិចស៉ីកូ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការធ្វើដំណើរឆ្ពោះទៅរក ការបើកព្រំដែនអាមេរិក-ម៉ិចស៉ីកូឡើងវិញផងដែរ ដើម្បីទទួលបានផលប្រយោជន៍ពាណិជ្ជកម្ម និងសកម្មភាពដោះដូរផលិតផល ខណៈប្រទេសទាំងពីរកំពុងព្យាយាម ការពារសុខភាពប្រជាជនរបស់ខ្លួន ចំពោះមុខការឆ្លងរាតត្បាតជំងឺ COVID-19 ដែលនៅតែមានស្ថានភាពធ្ងន់ធ្ងរ៕