(ញូយ៉ក)៖ របាយការណ៍នាពេលថ្មីៗនេះរបស់សារព័ត៌មាន CNN បានឱ្យដឹងថា ក្មេងៗកាន់តែច្រើនឡើង កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺ COVID-19 ខណៈដែលវីរុសបំប្លែងខ្លួន Delta កំពុងឆ្លងរាតត្បាតនៅទូទាំងសហរដ្ឋអាមេរិក ដែលបណ្តាលឱ្យគ្រូពេទ្យមានការព្រួយបារម្ភ ព្រោះឆ្នាំសិក្សាថ្មីទើបតែចាប់ផ្តើមផង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១។

របាយការណ៍ខាងលើ បានគូសបញ្ជាក់ថា បើតាមទិន្នន័យពីក្រសួងសុខាភិបាលអាមេរិក គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ មានក្មេងៗចំនួន ២,៣៩៦នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារបានឆ្លងជំងឺ COVID-19។ បើតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) បានឱ្យដឹងថា ក្មេងៗជាង ៥៥,០០០នាក់ ដែលឆ្លងជំងឺ COVID-19 ត្រូវបានព្យាបាលនៅមន្ទីរពេទ្យ គិតចាប់តាំងពីខែសីហា ឆ្នាំ២០២០ ហើយក្មេងៗទាំងនោះភាគច្រើន មិនមានជំងឺប្រចាំកាយឡើយ។

ខណៈដែលករណីស្លាប់ដោយសារជំងឺ COVID-19 ក្នុងចំណោមក្មេងៗ នៅតែជារឿងកម្រក៏ដោយ ចំនួននេះកំពុងមានការកើនឡើង។ បើតាមទិន្នន័យរបស់ CDC គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ យ៉ាងហោចណាស់ មានក្មេងៗចំនួន ៥២០នាក់ បានស្លាប់ដោយសារជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ នៅទូទាំងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិក បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ៤១.៥៦លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ៦៧៤,០០០នាក់ និងអ្នកជាសះស្បើយជាង ៣១.៧៤លាននាក់៕