(សិង្ហបុរី)៖ រដ្ឋមន្រ្តីមហាផ្ទៃសិង្ហបុរី លោក ខេ ស្សានមូហ្កាម (K Shanmugam) នៅថ្ងៃសុក្រនេះ បាននិយាយថា ទីភ្នាក់ងារសន្តិសុខជាច្រើន កំពុងព្រួយបារម្ភថា ការដែលប្រទេសអាហ្វហ្កានីស្ថាន ស្ថិតក្រោមការដឹកនាំរបស់ក្រុមតាលីបង់ អាចនាំឲ្យអំពើភេរវកម្មកើនឡើង នៅក្នុងតំបន់អាស៉ីអាគ្នេយ៍។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១។

លោករដ្ឋមន្រ្តីមហាផ្ទៃសិង្ហបុរី បានអះអាងថា ការកើតមានក្តីព្រួយបារម្ភបែបនេះ គឺដោយសារតែ អំលុងរបបដឹកនាំលើកមុនរបស់តាលីបង់ អាហ្កានីស្ថានធ្លាប់បានផ្តល់ជម្រកសុវត្ថិភាព សម្រាប់ក្រុមជនដែលនឹងក្លាយជាភេរវករ ពីតំបន់អាស៉ីអាគ្នេយ រួមទាំងពីសិង្ហបុរីផងដែរ។ លោក ខេ ស្សានមូហ្កាម បានបន្ថែមដូច្នេះថា «តើវានឹងអាចកើតឡើងទៀតទេ។ មនុស្សជាច្រើនកំពុងបារម្ភអំពីរឿង ហើយខ្ញុំបារម្ភថា វាអាចនឹងកើតឡើងម្តងទៀត។ បើដូច្នោះមែន អំពើភេវកម្មនៅអាស៉ីអាគ្នេយ៍ក៏អាចនឹងកើនឡើងដែរ»

គួរបញ្ជាក់ថា បន្ទាប់ពីក្រុមតាលីបង់បានប្រកាសជាផ្លូវការ អំពីសមាសភាពរដ្ឋាភិបាល ថ្មីសម្រាប់ប្រទេសអាហ្វហ្កានីស្ថាន ក្នុងសប្តាហ៍នេះ ប្រទេសជាច្រើនបានបង្ហាញក្តីបារម្ភរបស់ពួកគេ ព្រោះនៅក្នុងគណៈរដ្ឋមន្រ្តីថ្មីនោះ រួមមានទាំងអតីតបុគ្គល ដែលធ្លាប់ជាប់ឃុំខ្លួននៅក្នុង ពន្ធនាគារក្វាន់តាណាម៉ូ (Guantanamo) របស់សហរដ្ឋអាមេរិក ហើយរដ្ឋមន្រ្តីមហាផ្ទៃ លោក ស៊ីរ៉ាជុតឌីន ហាកកានី (Sirajuddin Haqqani) គឺត្រូវអាមេរិកតាមចាប់ខ្លួន ពីបទភេរវកម្ម៕