(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលមានសមាជិកអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍សរុប ១៥ប្រទេស នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅញូយ៉ក) បានអនុម័តជាឯកច្ឆន្ទលើដំណោះស្រាយមួយ ស្ដីពីដំណើរការផ្លាស់ប្ដូរនៃបេសកកម្មរក្សាសន្តិភាពរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១។

បើតាម UNSC ដំណោះស្រាយលេខ ២៥៩៤ បានសង្កត់ធ្ងន់លើតួនាទីនៃបេសកកម្មរក្សាសន្តិភាព និងផ្តោតជាសំខាន់ពីភាពចាំបាច់ សម្រាប់ការធ្វើសមាហរណកម្ម និងកិច្ចសម្របសម្រួលលើ ដំណើរការផ្លាស់ប្ដូរបេសកកម្មរក្សាសន្តិភាព ដែលនឹងមានរួមបញ្ចូលផងដែរនូវអភិបាលកិច្ច, នីតិរដ្ឋ, នយោបាយ, សេដ្ឋកិច្ច, ការអភិវឌ្ឍ, មនុស្សធម៌ និងសិទ្ធិមនុស្ស។

គួរបញ្ជាក់ថា បើតាមដំណោះស្រាយខាងលើ វានឹងតម្រូវឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ ដាក់ចេញផែនការសម្រាប់ដំណើរការផ្លាស់ប្ដូរ នៃបេសកកម្មរក្សាសន្តិភាពរបស់ UN និងបញ្ជាក់លម្អិតពីយុទ្ធសាស្ត្រនៃដំណើរការផ្លាស់ប្ដូរនេះ។ ដំណោះស្រាយនេះ ក៏លើកទឹកចិត្តដល់រដ្ឋាភិបាលថ្នាក់ជាតិនានា ក្នុងការអភិវឌ្ឍ និងអនុវត្តផែនការជាតិ គោលនយោបាយ ឬយុទ្ធសាស្ត្រជាតិរបស់ពួកគេដ៏ទូលំទូលាយ ដើម្បីការពារជនស៊ីវិល នៅមុនដំណើរផ្លាស់ប្តូរនៃប្រតិបត្តិការសន្តិភាព ធ្វើឡើងដោយ UN៕