(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបើកកិច្ចសន្ទនាមួយតាមទូរស័ព្ទ ប្រកបដោយភាពស្មោះត្រង់ ស៊ីជម្រៅ យុទ្ធសាស្ត្រទំនាក់ទំនងលូលំទូលាយ និងបានផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក លើបញ្ហាទាំងឡាយ ដែលមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នៃប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរនៅព្រឹកថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១។

កិច្ចសន្ទនាតាមទូរស័ព្ទរយៈពេល ៩០នាទីនៅថ្ងៃសុក្រនេះ គឺកិច្ចសន្ទនាជាលើកទី ២ រវាងមេដឹកនាំមហាយក្សសេដ្ឋកិច្ចទាំង ២ ចាប់តាំងពីលោក ចូ បៃដិន បានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករាមក។
បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានបង្ហើបឲ្យដឹងថា នៅក្នុងកិច្ចសន្ទនានោះ លោក បៃដិន និងលោក ស៊ី ជិនពីង ក៏បានពិភាក្សាគ្នាផងដែរ អំពីភាពចាំបាច់ក្នុងការបញ្ចៀសកុំឱ្យ ការប្រកួតប្រជែងគ្នារវាងមហាអំណាចសេដ្ឋកិច្ចទាំង ២ ធ្លាក់ចូលក្នុងជម្លោះប្រដាប់អាវុធ។ មន្ត្រីរូបនេះដដែលបានបន្ថែមថា កិច្ចសន្ទនានេះគឺផ្ដោតសំខាន់លើបញ្ហាសេដ្ឋកិច្ច, ការប្រែប្រួលអាកាសធាតុ និងការឆ្លងរាតត្បាតជំងឺ COVID-19។

គួរបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ចូ បៃដិន និងលោក ស៊ី ជិនពីង ក៏បានជួបពិភាក្សាគ្នាតាមទូរស័ព្ទជាលើកដំបូងដែរ ប៉ុន្តែក្រោយកិច្ចសន្ទនានេះ ទំនាក់ទំនងរវាងប្រទេសទាំង ២ មិនបានល្អប្រសើរឡើងនោះទេ ឬអាចនិយាយថា កាន់តែដុនដាបជាងជំនាន់លោក ដូណាល់ ត្រាំ នៅកាន់អំណាចទៅទៀត។ ផ្ទុយពីការរំពឹងថា នឹងមានទំនាក់ទំនងប្រសើរឡើងវិញ ទាំងចិន និងអាមេរិកបានប្រកាសដាក់ទណ្ឌកម្ម និងរិះគន់ ក៏ដូចជាចោទប្រកាន់គ្នាទៅវិញទៅមកថា មិនបានគោរពតាមកាត្វកិច្ចរបស់ខ្លួន ចំពោះអន្តរជាតិ៕