(យូអិន)៖ ប្រធានសម័យប្រជុំលើកទី ៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លោក វ៉ុលកាន់ បូស្កឺ (Volkan Bozkir) បានលើកឡើងថា អង្គការសហប្រជាជាតិ (UN) ត្រូវតែដើរតួនាទីជាស្ថាប័ន «បង្ការមិនឲ្យមានវិបត្តិកើតឡើង» ដោយមិនត្រូវធ្វើខ្លួនជាអ្នកសម្រប តាមវិបត្តិនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១។

លោក Volkan Bozkir បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯទីស្នាក់ការកណ្តាល UN ក្នុងបុរីញូយ៉កសហរដ្ឋអាមេរិក ដែលជាលើកចុងក្រោយ ក្នុងតំណែងរបស់លោកថា «ស្ថាប័ន UN មិនត្រូវធ្វើខ្លួនជាអ្នកដើរតាមវិបត្តិនោះទេ។ យើងត្រូវតែក្លាយជាស្ថាប័ន ដែលការពារមិនឲ្យមានវិបត្តិ... UN ត្រូវបានចាត់វិធានការឲ្យបានលឿន ដើម្បីការពារ ឬក៏ត្រៀមខ្លួនសម្រាប់ទប់ទល់ នៅក្នុងករណីមានវិបត្តិដំបូងៗ»

បើតាមការព្រមានពីលោក Volkan Bozkir ស្ថាប័ន UN ហាក់ស្ថិតនៅកាន់តែឆ្ងាយពីសមត្ថភាព នៅក្នុងការដោះស្រាយបញ្ហាប្រឈមធំៗ ជាពិសេសគឺគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs)។ អ្នកការទូតជើងចាស់ជនជាតិតួកគីរូបនេះ បានលើកឡើងជាការក្រើនរំលឹកចំពោះ ការគ្រប់គ្រងនៃស្ថាប័នកំពូលរបស់អន្តរជាតិមួយនេះ ស្ថិតនៅចំពោះមុខបញ្ហានានាលើពិភពលោក ដែលកំពុងក្តៅគគុកដូចជា បម្រែបម្រួលអាកាសធាតុ, សង្គ្រាម និងការបែងចែកទឹកដី, ជំងឺរាតត្បាតសកល COVID-19 ព្រមទាំងភាពមិនស្មើគ្នា នៃបណ្តាជាតិសាសន៍នៅទូទាំងពិភពលោក ដែលសុទ្ធសឹងជាបញ្ហាស្នូល នាំឲ្យពិភពលោកមិនអាចរួបរួមគ្នាបាន៕