(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានដាក់ចេញនូវវិធានការថ្មីមួយ ដោយតម្រូវឱ្យបុគ្គលិករដ្ឋទាំងអស់ ត្រូវតែទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 និងជំរុញឱ្យបណ្ដាក្រុមហ៊ុនធំៗត្រូវតែតម្រូវឱ្យបុគ្គលិក ឬកម្មកររបស់ខ្លួនចាក់វ៉ាក់សាំងបង្ការ បើពុំដូច្នោះទេត្រូវឆ្លងកាត់ការធ្វើតេស្ដ ប្រចាំសប្ដាហ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១។

វិធានការថ្មីដែលត្រូវបានលោក ចូ បៃដិន ប្រកាសជាផ្លូវការ ក្នុងសុន្ទរកថាមួយនៅឯសេតវិមាន គឺមានគោលដៅអនុវត្តទៅលើ ២ ភាគ ៣ នៃចំនួនបុគ្គលិករដ្ឋសរុប នៅទូទាំងសហរដ្ឋអាមេរិក ឆ្លើយតបទៅនឹងការកើនឡើងយ៉ាងគំហុកសាជាថ្មីនូវករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 បង្កឡើងដោយវីរុសបំប្លែងថ្មី Delta ខណៈចំនួនអ្នកស្លាប់សរុបបានកើនលើស ៦៥៤,០០០នាក់។

ជុំវិញស្ថានការណ៍ដ៏អាក្រក់នេះ លោក ចូ បៃដិន បានគូសបញ្ជាក់ដូច្នេះថា «យើងបានអត់ធ្មត់ជាច្រើនលើករួចមកហើយ... ប៉ុន្តែការអត់ធ្មត់របស់យើង គឺមានដែនកំណត់ ហើយការបដិសេធមិនព្រមចាក់វ៉ាក់សាំងរបស់អ្នក បានបង្កបញ្ហាដល់យើងទាំងអស់គ្នា»

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៧៧លានដូស ក្នុងនោះប្រជាជន ២០៨.០២លាននាក់ (៦៣.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៧៧លាននាក់ (៥៤.០%) បានទទួលការចាក់គ្រប់ដូស៕