(វ៉ាស៊ីនតោន)៖ ប្រភពស្និតនឹងបញ្ហាបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹង ប្រកាសពីកាតប្បកិច្ច ដែលបុគ្គលិកសហព័ន្ធទាំងអស់ត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាចាំបាច់។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន The Hill នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១។

វិធានការនេះលើសពីអ្វីដែលលោក បៃដិន ខ្លួនឯងបានប្រកាសកាលពីដើមរដូវក្តៅនេះ ដែលនៅពេលនោះលោកបាននិយាយថា បុគ្គលិកសហព័ន្ធទាំងអស់មានជម្រើសក្នុងការធ្វើតេស្តជាទៀងទាត់ ជំនួសឱ្យការចាក់វ៉ាក់សាំង។

កាតព្វកិច្ចវ៉ាក់សាំងរឹតបន្តឹងសម្រាប់បុគ្គលិកសហព័ន្ធនេះ កើតមានឡើងនៅពេលដែលរដ្ឋបាលលោក បៃដិន កំពុងជំរុញឲ្យមានជាកាតព្វកិច្ចចាក់វ៉ាក់សាំង នៅក្នុងវិស័យឯកជនផងដែរ។

គួរបញ្ជាក់ថា លោក បៃដិន នឹងប្រកាសពីវិធានការនេះជាផ្នែកមួយនៃសុន្ទរកថានៅថ្ងៃព្រហស្បតិ៍នេះ ដែលក្នុងនោះលោកនឹងប្រកាសពីផែនការប្រាំមួយផ្នែក ដើម្បីគ្រប់គ្រងកូវីដ១៩បំប្លែងខ្លួនថ្មី Delat៕