(គែរ)៖ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា អាជ្ញាធរព្រែកជីកស៊ុយអេបានសម្រេចបិទការធ្វើចរាចរព្រែក បន្ទាប់ពីនាវាកុងតឺន័រមួយគ្រឿងបានជាប់គាំងទទឹងទិសនៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១។

អាជ្ញាធរបានរាយការណ៍ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា កប៉ាល់នេះបានជាប់គាំងនៅចំងាយ ៥៤ គីឡូម៉ែត្រ នៃព្រែកសមុទ្រដ៏សំខាន់របស់ពិភពលោក។

របាយការណ៍បាននិយាយថា កប៉ាល់ចំនួន០៤គ្រឿងមកពីកំពង់ផែ Said ក្នុងទិសដៅឆ្ពោះទៅព្រែកជីកស៊ុយអេត្រូវបានហាមឃាត់មិនឲ្យឆ្លងកាត់ ខណៈអាជ្ញាធរបានកេណ្ឌក្រុមសង្រ្គោះយ៉ាងឆាប់រហ័ស ដើម្បីព្យាយាមទាញនាវានេះឡើងវិញ។

ភ្លាមៗនេះមិនទាន់មានព័ត៌មានលម្អិតជុំវិញរឿងនេះនៅឡើយទេ។

គួរបញ្ជាក់ថា ព័ត៌មាននេះកើតឡើងជិត០៦ខែ បន្ទាប់ពីនាវាកុងតឺន័រ Ever Given ដែលមានប្រវែងជិត ៤០០ ម៉ែត្របានជាប់គាំងបិទព្រែកជីកស៊ុយអេសអស់រយៈពេលជិតមួយសប្តាហ៍៕