(កាប៊ុល)៖ ក្រុមអ្នករៀបចំចលនាបាតុកម្មនៅក្នុងទីក្រុងកាប៊ុល បានសម្រេចលុបចោលផែនការប្រមូលផ្តុំរបស់ខ្លួនវិញហើយ នៅក្នុងថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីអាជ្ញាធរតាលីបង់ចេញបទបញ្ជា ហាមឃាត់ការតវ៉ាទាំងអស់ និងព្រមានចាត់វិធានការធ្ងន់ធ្ងរតាមផ្លូវច្បាប់ ចំពោះអ្នកដែលហ៊ានល្មើស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១។

សេចក្តីរាយការណ៍ព័ត៌មានចេញពីទីក្រុងកាប៊ុល បានឲ្យដឹងចាប់តាំងពីដើមសប្តាហ៍មកនេះថា កងកម្លាំងប្រដាប់អាវុធរបស់តាលីបង់ បានបាញ់គ្រាប់កាំភ្លើងឡើងលើអាកាស ដើម្បីជាការគំរាមឲ្យក្រុមបាតុករបំបែកជួរ នៅក្នុងទីក្រុងកាប៊ុល។ ដោយឡែកសម្រាប់ទីក្រុង ហ្វៃហ្សាបាដ (Faizabad) នៅភាគឦសាន និង ហឺរ៉ាត (Herat) នៅភាគខាងលិច មនុស្សពីរនាក់ត្រូវបានបាញ់សម្លាប់នៅក្នុងការតវ៉ា។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញនេះ អាជ្ញាធរតាលីបង់បានព្រមានទុកជាមុន ចំពោះការធ្វើបាតុកម្មនានា ដោយខ្លួនមិនអាចលើកលែងទៀតនោះឡើយ។ អាជ្ញាធរតាលីបង់បានថ្លែងទៀតថា ការតវ៉ាទាំងឡាយត្រូវតែទទួលបានការអនុញ្ញាត ពីក្រសួងយុត្តិធម៌ជាកំហិត ហើយសម្រាប់ពេលនេះ គឺគ្មានបាតុកម្មណាមួយត្រូវបានអនុញ្ញាត ឲ្យប្រព្រឹត្តទៅនោះឡើយ។

ការតវ៉ានាពេលកន្លងមកនេះ គឺមានគោលដៅប្រឆាំងខ្លាំងបំផុត ចំពោះប្រទេសប៉ាគីស្ថាន។ ប៉ាគីស្ថានត្រូវបានក្រុមអ្នកតវ៉ាអាហ្វហ្កានីស្ថាន ខាងលើនេះចោទប្រកាន់ថា ជាអ្នកគាំទ្រ និងទំនុកបម្រុងធំបំផុតដល់ក្រុមតាលីបង់ ដែលនេះបង្កឱ្យមានការព្រួយបារម្ភ នៅក្នុងចំណោមប្រជាជនអាហ្វហ្កានីស្ថានដែលខ្លាចថា ក្រុមតាលីបង់អាចនឹងស្ថិតនៅក្រោមឥទ្ធិពល ឬធ្វើតាមការបញ្ជារបស់ទីក្រុងអ៉ីស្លាម៉ាបាដ ដោយមិនមានឯករាជ្យភាពខ្លួនឯង៕