(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់នៃសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នឹងជួបប្រជុំនៅទីក្រុង ភីតស្បឺក ( Pittsburgh) រដ្ឋភែនស៊ីលវេនៀ (Pennsylvania) សហរដ្ឋអាមេរិក នៅថ្ងៃទី២៩ ខែកញ្ញាខាងមុខនេះ ដើម្បីស្វាគមន៍ការបង្កើត ក្រុមប្រឹក្សាបច្ចេកវិទ្យា និងពាណិជ្ជកម្ម U.S.-EU ដែលហៅកាត់ថា «TTC»។ នេះបើតាមប្រភពពីសេតវិមានទីក្រុងវ៉ាស៊ីនតោន ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី អ៊ែមីលីន ហន (Emily Horne) បានប្រាប់ឲ្យដឹងថា ក្រុមប្រឹក្សា TTC ត្រូវបានប្រកាសបង្កើតឡើង កាលពីអំលុងកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កាលពីខែមិថុនា ឆ្នាំ២០២១ ដោយស្ថិតក្នុងគោលដៅជំរុញទំនាក់ទំនាក់ពាណិជ្ជកម្ម និងការវិនិយោគរវាង សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបឲ្យកាន់តែស៊ីជម្រៅខ្លាំងឡើយ។ ភាគទាំងពីរក៏មានគោលដៅ ក្នុងការធ្វើឲ្យប្រសើរឡើងនូវច្បាប់ ស្តីពីការធ្វើទំនាក់ទំនងជាមួយគ្នា សម្រាប់សេដ្ឋកិច្ចនៅក្នុងសតវត្សរ៍ទី ២១ នេះផងដែរ។

លោកស្រី Horne បានលើកឡើងយ៉ាងដូច្នេះទៀតថា «ស្របទៅនឹងការកសាងគុណតម្លៃប្រជាធិបតេយ្យរួមរបស់យើង និងទំនាក់ទំនងសេដ្ឋកិច្ច ដែលជាសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក យើងទន្ទឹងរង់ចាំធ្វើការជាមួយគ្នា ដើម្បីធានាថាគោលនយោបាយពាណិជ្ជកម្ម និងបច្ចេកវិទ្យាទាំងអស់នេះ នឹងផ្តល់ប្រយោជន៍ទៅដល់ប្រជាជនរបស់យើង»

គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានប្រកាស បញ្ចប់សង្គ្រាមពាណិជ្ជកម្មរយៈពេល ១៧ឆ្នាំ ពាក់ព័ន្ធនឹងការឧបត្ថម្ភប្រាក់របស់រដ្ឋ ទៅដល់ក្រុមហ៊ុនផលិតយន្តហោះ Boeing របស់អាមេរិក និង Airbus អឺរ៉ុបដែលជាគូប្រជែង។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានមើលឃើញអំពីការគំរាមកំហែងដែលធំជាងនេះ នោះគឺការឧបត្ថម្ភហិរញ្ញវត្ថុរដ្ឋ ដ៏ធំសម្បើមរបស់ចិន ដើម្បីព្យាយាមអភិវឌ្ឍយន្តហោះដឹកអ្នកដំណើរ ដោយក្រុមហ៊ុនចិនខ្លួនឯង ដែលនឹងក្លាយគូប្រជែងធំរបស់ Airbus និង Boeing នៅថ្ងៃអនាគត៕