(ប៉េកាំង)៖ ប្រទេសចិន បានសន្យាផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៣១លានដុល្លារអាមេរិកដល់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងនោះរួមបញ្ចូលទាំងការផ្គត់ផ្គង់ស្បៀងអាហារ និងវ៉ាក់សាំងបង្ការជំងឺ COVID-19 ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១។

ការសន្យាផ្ដល់ជំនួយនេះបានកើតឡើង ខណៈទីក្រុងប៉េកាំងបាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីរក្សាទំនាក់ទំនងជាមួយរដ្ឋាភិបាលតាលីបង់ ហើយថា ការបង្កើតរដ្ឋាភិបាលថ្មីបណ្តោះអាសន្នគឺជា «ជំហានដ៏ចាំបាច់មួយ ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ» នៅអាហ្វហ្គានីស្ថាន។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានប្រកាសពីវិធានការផ្ដល់ជំនួយដល់អាហ្វហ្គានីស្ថាននៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធម្សិលមិញនេះ ដោយមាន ការចូលរួមពីសមភាគីមកពីប្រទេសជិតខាងអាហ្វហ្គានីស្ថានមួយចំនួនដូចជា ប៉ាគីស្ថាន អ៊ីរ៉ង់ តាហ្ស៊ីគីស្ថាន អ៊ូសបេគីស្ថាន និងតួកមេនីស្ថានផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ លោក Wang Yi ក៏បានអំពាវនាវឱ្យប្រទេសទាំងនេះ សហការក្នុងការជួយប្រទេសអាហ្វហ្គានីស្ថានដោយបន្ថែមថាចិន ក៏នឹងផ្តល់ជំនួយវ៉ាក់សាំងចំនួន ៣លានដូសដល់ប្រទេសនេះផងដែរ។

ក្រុមមន្រ្តីតាលីបង់ ចាប់ទុកចិនជាដៃគូដ៏សំខាន់បំផុតរបស់អាហ្វហ្កានីស្ថាន និងបានដាក់ក្តីសង្ឃឹមលើការវិនិយោគ និងការគាំទ្ររបស់ចិនដើម្បីស្តារប្រទេសដែល ហែកហួរដោយសង្គ្រាមអស់រយៈពេល ២០ឆ្នាំនេះឡើងវិញ៕