(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់ឱ្យមន្ត្រី១១រូប ដែលត្រូវបានអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ តែងតាំងឱ្យកាន់តំណែង នៅក្នុងក្រុមប្រឹក្សាផ្ដល់យោបល់ នៃបណ្ឌិតសភាសាលាយោធាអាមេរិក លាលែងចេញពីតំណែងដោយខ្លួនឯង បើពុំដូច្នោះទេ ពួកគេនឹងត្រូវបានបណ្ដេញចេញពីតំណែង។ នេះបើតាមការចេញផ្សាយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១។

សារព័ត៌មាន CNN ផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិកម្នាក់ បានឱ្យដឹងទៀតថាក្នុងចំណោមក្រុមមន្ត្រីទាំង ១១នាក់ខាងលើដែលត្រូវបានស្នើឱ្យលាលែងពី តំណែង ក្នុងនោះរួមមានអតីតមន្ត្រីជាន់ខ្ពស់ក្រោមសម័យដឹកនាំរបស់លោក ត្រាំ ដូចជាអតីតអ្នកនាំពាក្យសេតវិមាន លោក Sean Spicer, អតីតប្រឹក្សាជាន់ខ្ពស់របស់ លោក ត្រាំ គឺលោកស្រី Kellyanne Conway និងអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក H.R. McMaster។

បើតាម CNN បច្ចុប្បន្ន លោក Sean Spicer កំពុងកាន់តំណែងក្នុងក្រុមប្រឹក្សាផ្ដល់យោបល់នៃបណ្ឌិតសភាសាលាយោធាកងទ័ពជើងទឹក, លោកស្រី Conway នៅក្នុងក្រុមប្រឹក្សាផ្ដល់យោបល់នៃបណ្ឌិតសភាសាលាយោធាកងទ័ពអាកាស និងលោក H.R. McMaster កំពុងកាន់តំណែងនៅក្នុងក្រុមប្រឹក្សាផ្ដល់យោបល់នៃបណ្ឌិត សភាសាលាយោធា West Point។

ឆ្លើយតបទៅនឹងការចុះផ្សាយរបស់ CNN អ្នកនាំពាក្យសេតវិមានលោកស្រី ជែន សាគី (Jen Psaki) នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីតោន) បានទទួលស្គាល់ថា ពិតជាមានសំណើរខាងលើប្រាកដមែន។ លោកស្រី បានបញ្ជាក់ដូច្នេះថា «គោលបំណងរបស់លោកប្រធានាធិបតី បៃដិន ក៏ដូចគ្នាទៅនឹងគោលបំណងរបស់ប្រធានាធិបតី គ្រប់រូបពីមុនៗដែរ នោះគឺធានាថាអ្នកបានតែងតាំងមនុស្សដែលបម្រើការនៅក្នុងក្រុមប្រឹក្សាទាំងនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយស្របទៅតាមគុណតម្លៃរបស់ អ្នក»

គួរបញ្ជាក់ថា ការជម្រុះអតីតក្រុមមន្ត្រី និងមនុស្សជំនិតលោក ដូណាល់ ត្រាំចេញពីក្រុមប្រឹក្សាផ្ដល់យោបល់នៃបណ្ឌិតសភាសាលាយោធាអាមេរិក កើតមានឡើង ក្រោយ មន្ទីរបញ្ចកោណបានកែសម្រួលឡើងវិញនូវក្រុមប្រឹក្សាផ្ដល់យោបល់របស់ខ្លួន បន្ទាប់ពីបានជម្រុះមន្ត្រីរាប់រយនាក់កាលពីខែកុម្ភៈកន្លងទៅ។ ប៉ុន្តែមន្ត្រីខ្លះដែល ត្រូវបានជម្រុះបានសន្យាថាពួកគេនឹងតតាំងតាមផ្លូវច្បាប់ប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋបាលលោក ចូ បៃដិនដែលពួកគេចាត់ទុកថាជារឿងអយុត្តិធម៌៕